ដំណឹងល្អៈកម្ពុជារៀបចំការដាក់លក់ទំនិញលើPlatformរបស់ក្រុមហ៊ុនAlibaba

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ លេខាធិការដ្ឋាន​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (Enterpreneuship Development Fund) កម្ពុជា​បានជ្រើសរើស​យក​ផលិតផល​គ្រាប់ស្វាយចន្ទី និង​ម្រេច​កំពត (GI)សម្រាប់​ការដាក់​លក់​នៅលើ​ផ្លេតហ្វម​របស់​ក្រុមហ៊ុន​យក្ស​របស់​ចិន ( Alibaba)នៅទីផ្សាររបស់ប្រទេសចិន។

មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (Enterpreneuship Development Fund) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុកាលពីថ្ងៃទី៣ ខែ សីហាកន្លងមកនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ ជាមួយ​តំណាង​ក្រុមហ៊ុន Alibaba.com ស្តីពី​ការស្វែងយល់​ពី​ប្រព័ន្ធ​អេកូឡូស៊ី E-commerce និង​លទ្ធភាព​ក្នុង​ការទទួល​បានការ​ដាក់លក់​ទំនិញ​របស់​កម្ពុជា​នៅលើ Platform របស់​ក្រុមហ៊ុន Alibaba ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ចិន។

ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាពលោកជា កុកហេងបានឲ្យដឹងថា ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ទាំង២ បាន​លើក​​ពិភាក្សា​អំពី​បញ្ហា​ឡូជីស្ទិក និង​ការធ្វើ​សាម​ញ្ញ​​កម្ម នីតិវិធី​គយ​នៃ​ប្រទេស​ទាំង២ដើម្បី​អាច​ស្វែងរក​ដៃគូ​យុទ្ធសាស្ត្រ និង​ចេះ​ធ្វើ​ទីផ្សារ​បែប​ឌីជីថល​​ផលិតផល​សម្រា​ប់ទីផ្សារ​ប្រទេស​ចិន។

ជា​លទ្ធផល​​ផលិតផល​ស្វាយចន្ទីនិង​ម្រេច​កំពត GI ត្រូវ​​បាន​ជ្រើសរើស​ត្រៀមលក្ខណៈ​ធ្វើការ​សាកល្បង​ដាក់លក់​​នៅលើ Platform របស់​ក្រុមហ៊ុន Alibaba។

ផលិតផល​គ្រាប់ស្វាយចន្ទីនិង​ម្រេច​កំពត GI ជា​ផលិតផល​គំរូ​ផ្តល់ឱ្យ​ភាគី​ក្រុមហ៊ុន Alibaba។ ដោយសារផលិតផល​ទាំង២នេះ ​មាន​សក្តានុពល​ខ្លាំង ពីព្រោះ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​មាន​កំណើន​ខ្ពស់ ដូចនេះ​បើ​កំណើន​នេះ​ស្រូប​ទាញ​ទីផ្សារ​ចិន​បាន​មួយចំនួនធ នឹង​អាច​ជំរុញសកម្មភាព​ផលិតកម្ម​កាន់តែច្រើន​ថែមទៀត ហើយ​ម្រេច​ក៏​ដូចគ្នា​ដែរ ហើយនេះជាការជួយ​ដល់កសិករកម្ពុជា ។

យោងតាម​របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ក្នុងរយៈពេល ៧ខែដំបូង ដើមឆ្នាំ២០២១នេះ កម្ពុជាសម្រេចការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង ២២,០០០តោនមានការកើនឡើងជាង៥០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ក្នុងនោះបរិមាណនាំចេញម្រេច ទៅកាន់ប្រទេសវៀតណាម មានចំនួនច្រើនជាងគេបំផុត។

លោកងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​បាន​ស្វាគមន៍​ ចំពោះ​រដ្ឋាភិបាល​ក្នុង​ការជួយ​ជំរុញ​ឱ្យ​ផលិតផល​ម្រេច​កំពត GI ចូលទៅ​ផ្លេតហ្វម​ក្រុមហ៊ុន Alibaba។ លោក​បានសំដែងការ​រីករាយ និង​ចូលរួម​សហការ​លើ​កិច្ចការ​នេះ​ ដើម្បី​រួមគ្នា​រក​ទីផ្សារ​ឱ្យ​ម្រេច​កំពត៕

LEAVE A REPLY

Please enter your comment!
Please enter your name here