ដោយគង់ សូរិយា
ភ្នំពេញៈ ជាដំណឹងរីករាយមួយសម្រាប់មនុស្សជាតិ ដែលការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តជប៉ុនបានរកឃើញថ្នាំគ្រាប់ ដែលអាចព្យាបាលជំងឺកូវីដ១៩ហើយ ដោយលេបត្រឹមរយៈពេល១សប្តាហ៍ប៉ុណ្ណោះ។
បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន FMP បានឲ្យដឹងថា ក្រុមហ៊ុនជប៉ុនមួយបានរកឃើញថ្នាំគ្រាប់ ដែលអាចព្យាបាលជំងឺកូវីដ ១៩ រយៈពេលមិនដល់១សប្ដាហ៍ឡើយ ។
ក្រុមហ៊ុនឱសថជប៉ុន Shionogi ដែលមានមូលដ្ឋាននៅទីក្រុង Osaka បានអះអាងថា ក្រុមហ៊ុនបានខិតខំស្រាវជ្រាវ និងបង្កើតថ្នាំនេះឡើង ដើម្បីកម្ចាត់ជំងឺកូវីដ ១៩ ។
ចំណុចសំខាន់របស់ថ្នាំនេះ តម្រូវឲ្យលេបតែមួយគ្រាប់ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈថ្នាំនេះក៏បានធ្វើតេស្តលើបុរស៧៥នាក់ ដែលមានអាយុចន្លោះពី២០ទៅ៥៥ឆ្នាំ ក្នុងគោលបំណងបញ្ជាក់ពីសុវត្ថិភាព ក៏ដូចជាផលប៉ះពាល់ណាមួយ ចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អ ហើយការសាកល្បងនេះទំនងជានឹងបញ្ចប់នៅឆ្នាំក្រោយ ។
ក្រៅពីក្រុមហ៊ុនឱសថជប៉ុន Shionogi មានក្រុមហ៊ុន២ទៀត គឺក្រុមហ៊ុនឱសថ យក្សអាមេរិក Pfizer និងក្រុមហ៊ុន Merck ក៏កំពុងធ្វើតេស្តថ្នាំគ្រាប់ប្រឆាំងជំងឺកូវីដ១៩ លើមនុស្សផងដែរ ខណៈក្រុមហ៊ុន Pfizer បានអះអាងថា ថ្នាំរបស់ខ្លួនត្រូវលេប២គ្រាប់ក្នុងមួយថ្ងៃ ហើយអាចវាយលុកក្នុងទីផ្សារនៅឆ្នាំនេះតែម្ដង៕