តំបន់ឆ្នេរព្រែកកំពង់កណ្ដាល នឹងក្លាយជាកន្លែងលម្ហែកម្សាន្តដ៏ទាក់ទាញថ្មី មួយរបស់ខេត្តកំពត

ចែករំលែក

ដោយៈតារា

កំពតៈ ខេត្តកំពតនឹងមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ខណៈខេត្តកំពតកំពុងរៀបចំឆ្នេរនេះជាតំបន់ទេសចរណ៍ថ្មី។

បើផ្អែកលើលទ្ធផលនៃកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៦ ខែសីហានេះ រដ្ឋបាលខេត្តកំពត បានឯកភាពសម្រេចដាក់សំណើជូនទៅក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យនិងសម្រេចជាគោលការណ៍ផ្លូវច្បាប់ ក្នុងការអនុវត្តគម្រោងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍នៅតំបន់ឆ្នេរព្រែក កំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ឲ្យមានភាពទាក់ទាញ។

អភិបាលនៃគណៈអភិបាលខេត្តកំពត លោកជាវ តាយបានមានប្រសាសន៍ថា គម្រោងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ ឆ្នេរព្រែកកំពង់កណ្ដាលនេះ រដ្ឋបាលខេត្តកំពតបានគ្រោងមកជាយូរមកហើយ ប៉ុន្តែនៅមិនទាន់មានការឯកភាពគ្នាពីមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធនៅឡើយ។

ឆ្លងការកាត់ប្រជុំនៅព្រឹកថ្ងៃនេះ  រដ្ឋបាលខេត្តបានឯកភាពគ្នាជាឯកច្ឆ័នពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្នុងការជំរុញដាក់កម្រោងនេះ ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ពិនិត្យនិងសម្រេចជាគោលការណ៍ផ្លូវច្បាប់ ក្នុងដំណើរការអនុវត្តគម្រោង។

លោកអភិបាលខេត្តបានបញ្ជាក់ថា គម្រោងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរ ព្រែកកំពង់កណ្ដាលនេះ ជាគម្រោងវិនិយោគរយៈពេល១៥ឆ្នាំ ជាមួយនឹងដៃគូវិនិយោគចំនួន១១នាក់ ដែលពួកគាត់នឹងរៀបចំឲ្យមានសេវាទេសច​រណ៍ផ្សេងៗដូចជា មានកន្លែងសម្រាប់អង្គុយលម្ហែមើលទេសភាព និងស្រូបយកខ្យល់អាកាស កន្លែងទទួលទាន សួនច្បារ កន្លែងកីឡា កន្លែងកម្សាន្តរបស់កុមារ និងចំណតរថយន្តជាដើម ប៉ុន្តែមិនអនុញ្ញាតឲ្យសងអគារខ្ពស់ ឬកន្លែងស្នាក់នៅទេ។

អភិបាលខេត្តក៏បានស្នើសូមឲ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ដើម្បីឱ្យគម្រោងការអភិវឌ្ឍតំបន់ឆ្នេរកំពង់កណ្តាលនេះ បានសម្រេចជោគ​ជ័យ សម្រាប់ជាសក្ដានុពលបម្រើសេវាកម្មទេសចរណ៍ខេត្តកំពត ឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត៕


ចែករំលែក