សន្ទុះនៃការទិញលក់ដីធ្លី នៅក្នុងក្រុងបូកគោកាន់តែផុសផុលក្រោយរដ្ឋាភិបាលប្រកាសពីការឡើងកាន់ដំណែងអភិបាលក្រុង

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បន្ទាប់ពីរដ្ឋាភិបាលប្រកាស ពីសមាសភាពអភិបាលក្រុងបូកគោខេត្តរួចមក ធ្វើឱ្យវិនិយោគិនក្នុងស្រុកជាច្រើនហាក់មានទំនុកចិត្ត និងចូលបណ្ដាក់ទុនវិនិយោគដីធ្លីនៅក្នុងក្រុងបូកគោកាន់តែច្រើនជាង ធ្វើឱ្យសន្ទុះនៃការទិញលក់ដីធ្លីនៅក្នុងក្រុងថ្មីនេះកាន់តែមានសកម្មភាពផុសផុលឡើងជាងមុន។

ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពតជាច្រើនបាននិយាយថា ពួកគេចាប់ផ្ដើមមមាញឹកជាមួយនឹងការណែនាំភ្ញៀវចុះសិក្សា និងមើលទីតាំងលក់ដីធ្លីដែលត្រូវលក់ជូនភ្ញៀវជាពិសេសភ្ញៀវមកពីរាជធានីភ្នំពេញ ទៅទីតាំងដីនៅតំបន់ក្រុងថ្មីនៃខេត្តកំពតគឺក្រុងបូកគោ ។

លោកជិន ណារិនភ្នាក់ងារដីធ្លីមួយរូបនៅខេត្តកំពតបាននិយាយថា ចាប់តាំងពីមានការប្រកាសបង្កើតក្រុងថ្មី នៅខេត្តកំពតវាបានធ្វើសក្ដានុពលនៃតម្លៃដី និងទីផ្សារមានសន្ទុះមួយកម្រិតទៅហើយ ហើយនៅពេលដែលក្រុងថ្មី នេះបានប្រកាសពីថ្នាក់ដឹកនាំ និងរចនាសម្ព័ន្ធរដ្ឋបាល វាក៏បានធ្វើឱ្យអ្នកវិនិយោគកាន់តែច្រើន បានចាប់អារម្មណ៍លើក្រុងថ្មីនៃខេត្តកំពត។

លោកបន្តថា “បច្ចុប្បន្ននេះ បើទោះបីជាកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប៉ុន្តែសម្រាប់ការទិញលក់ដីធ្លីនៅក្នុងខេត្តកំពត ជាពិសេសនៅទីតាំងក្រុងបូកគោ នៅតែមានសកម្មភាពជាមួយ នឹងតម្លៃដដែល តែក៏មានទីតាំងខ្លះ ដែលម្ចាស់ត្រូវការលុយបន្ទាន់ក៏លក់ក្រោមទីផ្សារ”។

លោកជិន ណាលីនបានបន្តថា លោកមើលឃើញថាអ្នកមកស្វែងរកទិញនៅក្រុងបូកគោ ភាគច្រើនជាអ្នកនៅរាជធានីភ្នំពេញ ដោយមិនសូវមានវិនិយោគិនឬពលរដ្ឋនៅក្នុងខេត្តកំពតផ្ទាល់ ឬក៏ពលមកពីតំបន់ណាផ្សេងនោះដែរ ។

ជាមួយគ្នានេះ លោកកែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យKW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងថា វិនិយោគិនពីភ្នំពេញបានបោះទុនវិនិយោគ លើអចលនទ្រព្យជាច្រើននៅខេត្តកំពត ក្នុងនោះក៏មានការទិញផ្ទះ ដែលសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅក្នុងខេត្តកំពត ប៉ុន្តែពួកគេបានដាក់ទុនវិនិយោគទៅលើដីធ្លី ជាពិសេសដីធ្លីនៅក្នុងក្រុងបូកគោតែម្ដង ដែលធ្វើសកម្មភាពទិញលក់ដីធ្លីនៅក្រុងថ្មីនៃខេត្តកពតកាន់តែមានសន្ទុះមួយកម្រិតទៀត ។

លោកបន្តថា “នៅពេលរដ្ឋាភិបាលបញ្ចប់ព្រឹត្តិការណ៍ ឆ្លងសហគមន៍នៃកូវីដ១៩ កុម្ភៈបានឆាប់ៗ វិនិយោគិនជាច្រើនទៀតនឹងចូលមកកាន់ខេត្តកំពត ដើម្បីស្វែងរកការវិនិយោគបន្ថែមទៀត នឹងជំរុញឱ្យសក្ដានុពលនៃការអភិវឌ្ឍខេត្តកំពត កាន់តែមានភាពទាក់ទាញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here