ដោយៈ សុខុម
ឌូបៃ: ប្រសិនបើអ្នកក្រឡេកមើលទៅជើងមេឃក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត អ្នកប្រាកដជាមើលឃើញស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យជាច្រើនរបស់លោក Yahya Jan។
យោងតាមសារព័ត៌មាន CNN ដែលចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា លោកគឺជាប្រធាន និងជានាយកផ្នែកឌីហ្សាញនៃក្រុមហ៊ុនស្ថាបត្យកម្ម និងវិស្វកម្ម NORR ដែលជាអ្នកនៅពីក្រោយគម្រោងសាងសង់អគារល្បីល្បាញបំផុតមួយចំនួនក្នុងទីក្រុងនេះ ដោយក្នុងនោះរួមទាំងសណ្ឋាគារ Atlantis Hotel និងសណ្ឋាគារ Shangri-La Hotel ផងដែរ។
ហើយពេលនេះលោកកំពុងសាងសង់គម្រោងអគារ Ciel Tower ដែលជាសណ្ឋាគារខ្ពស់បំផុតរបស់ពិភពលោក។ ដោយការសាងសង់គ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣ អគារ៨២ជាន់ Ciel Tower ដែលមានកម្ពស់៣៦៥ម៉ែត្រនេះនឹងក្លាយជាសណ្ឋាគារដែលខ្ពស់ជាងគេបំផុតក្នុងពិភពលោក។
សម្រាប់គម្រោងនេះ លោក Yahya Jan ទទួលភារកិច្ចជាអ្នកអ្នកអីហ្សាញអគារខ្ពស់កប់ពពកនេះដែលត្រូវសាងសង់លើផ្ទៃដីមានរាងត្រីកោណក្នុងសង្កាត់ Dubai Marina នៃក្រុងឌូបៃ លើផ្ទៃដីត្រឹមតែ២.៥០០ម៉ែត្រការ៉េ ដែលតូចណាស់សម្រាប់អគារខ្ពស់បែបនេះ។
យោងតាម The First Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះឱ្យដឹងថា ជាន់គយគន់ទេសភាពមួយដែលហ៊ុមព័ទ្ធដោយកញ្ចក់ជុំវិញ នឹងធ្វើឱ្យភ្ញៀវអាចគយគន់ទេសភាពទីក្រុងឌូបៃ ឆ្នេរសមុទ្រ និងទីតាំងល្បីៗដូចជាកោះសិប្បនិមិត្ត Palm Jumeirah ជាដើមក្នុងកម្រិត៣៦០ដឺក្រេ។ ភ្ញៀវក៏អាចគយគន់ទេសភាពពីអាងហែលទឹក និងភោជនីយដ្ឋានជាន់ដំបូលបានផងដែរ។
លោក Yahya Jan លើកឡើងថា ក្រៅពីមានភាពស្រស់ស្អាតនៃសំណង់ស្ថាបត្យកម្ម គម្រោងអគារនេះក៏ជួយសន្សំសំចៃថាមពលអគ្គិសនីខ្ពស់ផងដែរ ដោយប្រើប្រាស់អគ្គិសនីមិនដល់២៥%ផងទេសម្រាប់ម៉ាស៊ីនត្រជាក់ បើធៀបទៅនឹងអគារស្រដៀងគ្នា។
លោកគូសបញ្ជាក់ថា ដំណើរការសាងសង់អគារនេះសម្រេចបាន១២ជាន់ហើយ ហើយលោកនៅតែចូលរួមពាក់ព័ន្ធក្នុងការងារនេះដដែល។ លោកបានបន្ថែមថា ដំណើរការសាងសង់អគារនេះកំពុងតែបន្តទៅមុខ៕