ស្រុកទឹកឈូមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកើនឡើងកាន់តែច្រើន ខណៈខេត្ត កំពតត្រៀមពង្រីក្រុង

0

ដោយៈតារា

កំពតៈ បើទោះជាស្ថិតនៅក្នុងបរិបទកូវិដ១៩ យ៉ាងណាក៏ដោយ  សកម្មភាពនៃការអភិវឌ្ឍន៍ដី នៅក្នុងខេត្តកំពតនៅតែបន្តដំណើរការជាប់ជានិច្ច។ ជាក់ស្តែងនៅក្នុងស្រុកទឹកឈូ  គិតមកដល់ថ្ងៃទី៩ ខែសីហានេះមានក្រុមហ៊ុន  អាជីវករ បាននឹងកំពុងដំណើរការគម្រោងអភិវឌ្ឍន៍ដី ចំនួនជាង២១កន្លែង ខណៈដែលក្រុមហ៊ុនថ្មីៗជាច្រើនទៀត កំពុងដាក់ពាក្យសុំធ្វើការវិនិយោគជាបន្តបន្ទាប់។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកទឹកឈូ បានបង្ហាញថា ទោះស្ថិតនៅក្នុងបរិបទកូវីដ១៩  សកម្មភាពនៃការអភិវឌ្ឍន៍ដី នៅតែមានដំណើរការទៅមុខជាបន្តបន្ទា​ប់ ដោយមិនមានក្រុមហ៊ុន ឬគម្រោងវិនិយោគណាមួយ ក្នុងស្រុកទឺកឈូរាំងស្ទះនោះទេ។ គិតត្រឹមខែឧសភាព ឆ្នាំ២០២១ ស្រុកទឹកឈូមានគម្រោងអភិវឌ្ឍន៍ដីចំនួន២១កន្លែង កំពុងធ្វើសកម្មភាព។

ក្នុងចចំណោមនោះ មានគម្រោងដីឡូតិ៍១៥គម្រោង ផ្ទះលំហែនិងដីឡូតិ៍២គម្រោង ផ្ទះល្វែងនិងដីឡូតិ៍៣គម្រោង និងគម្រោងសាងសង់បុរី១គម្រោង ដែលត្រូវចំណាយទុនវិនិយោគប្រមាណ១១លានដុល្លា។

ប្រធានអង្គភាពច្រកចេញចូលតែមួយស្រុកទឹកឈូ លោកមូល សុធា បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៩ សីហានេះថា ទោះបច្ចុប្បន្នស្ថានភាពនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩មិនទាន់ធូរស្រាលក៏ដោយ ប៉ុន្តែសម្រាប់ខេត្តកំពត ក៏ដូចជាស្រុកទឹកឈូ ការអភិវឌ្ឍន៍ លើវិស័យអចលនទ្រព្យ ដីឡូតិ៍ សំណង់ផ្ទះលំហែ បឹងហ្គាឡូ ផ្ទះល្វែង និងគម្រោងបុរី បាននឹងកំពុងដំណើរការជាធម្មតា។ ក្រុមហ៊ុនជាច្រើនបានដាក់ពាក្យសុំ ធ្វើការវិនិយោគជាហូរហែបន្តបន្ទាប់ផងដែរ។

លោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ដែលបានដាក់ពាក្យស្នើសុំ ក្នុងរយៈពេលចុងក្រោយនេះ ភាគច្រើនធ្វើការអភិវឌ្ឍន៍នៅតំបន់ជុំវិញក្រុងកំពត និងតំបន់អភិវឌ្ឍន៍សេវាទេសចរណ៍ ដូចជានៅតាមបណ្តោយដងព្រែកកំពង់កណ្តាល  និងព្រែកកំពង់គ្រែងជាដើម។

លោកមូល សុធាបានបន្តស្នើសុំដល់ក្រុមហ៊ុនវិនិយោគ និងអ្នកវិនិយោគទាំងអស់សូមចូលរួមសហការជាមួយនឹងអាជ្ញាធរ  ជំនាញពាក់ព័ន្ធឲ្យបានល្អ  គោរពតាមគោលការណ៍ច្បាប់នៃការអភិវឌ្ឍន៍ដី និងសំណង់ឲ្យបានត្រឹមត្រូវបន្ថែមទៀត ដើម្បីរក្សាផលប្រយោជន៍ក្រុមហ៊ុនផង និងប្រយោជន៍សង្គមផង សំដៅចូលរួមចំណែកអភិវឌ្ឍន៍មូល     ដ្ឋានឲ្យបានឆាប់រហ័ស ប្រកបដោយចីរភាព ជាមួយអាជ្ញាធរខេត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here