កម្ពុជាទទួលបានការគាំទ្រពីទូរទស្សន៍ BBC និងសមាគម PATA ចំពោះផែនការបើកទេសចរណ៍ឡើងវិញ

0
កម្ពុជាទទួលបានការគាំទ្រពីទូរទស្សន៍ BBC និងសមាគម PATA ចំពោះផែនការបើកទេសចរណ៍ឡើងវិញ

ដោយៈ ប៊ី

ភ្នំពេញៈ កម្ពុជាទទួលបានការគាំទ្រពីសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងទូរទស្សន៍លំដាប់អន្តរជាតិ BBC ចំពោះផែនការបើកទេសចរណ៍ឡើងវិញរបស់ខ្លួន ហើយស្ថាប័នទាំងពីរនេះបានប្ដេជ្ញាចូលរួមផ្សព្វផ្សាយអំពីផែនការទាំងនេះទៅកាន់ពិភពលោក។

លោកថោង រដ្ឋសក្តិអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាវាគ្មិនតំណាងប្រទេសកម្ពុជា លើកឡើងនៅក្នុងកម្មវិធី «Destination Insights Series» ក្រោមការរៀបចំរបស់សមាគមទេសចរណ៍ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិច (PATA) តាមរយៈប្រព័ន្ធវីដេអូ Zoom សហការជាមួយបណ្ដាញសារព័ត៌មាន BBC កាលពីថ្មីៗនេះថា ស្ថិតក្នុងការរីករាលដាលជម្ងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងទប់ស្កាត់ និងកំពុងជម្រុញនៃការចាក់វ៉ាក់សាំងឲ្យបានលឿន ដើម្បីបញ្ចប់ការចាក់វ៉ាក់សាំង តាមគោលដៅ៨០% នៃប្រជាជននៅចុងឆ្នាំ ២០២១។

លោកបានរំលឹកអំពីវិធានសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បច្ចប្បន្នរាជរដ្ឋាភិបាល បានជម្រុញ យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ ឆ្នាំ, គម្រោងចាក់វ៉ាក់សំាងដូសទី៣ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដែលផែនការទាំងនេះ នឹងចូលរួមដល់ការស្ដារឡើងវិញ នូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការធ្វើដំណើររបស់ទេសចរជាតិ និងអន្តរជាតិ ក្នុងនោះក្រសួងទេសចរណ៍បាននិងកំពុងរៀបចំនូវក្របខណ្ឌយុទ្ធសាស្ត្រ នៃការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព គ្មានការឆ្លងរីករាលដាល»។

លោកថោង រដ្ឋសក្តិបានថ្លែងបន្តថា ផែនការបើកទេសចរណ៍នៅកម្ពុជាឡើងវិញ នៅចុងឆ្នាំ២០២១នេះ បានត្រូវរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសាធារណៈជាអាទិភាព តាមរយៈការពិគ្រោះយោបល់ជាមួយអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីគ្រប់ភាគី និងអាស្រ័យលើស្ថានការណ៍ជាក់ស្ដែង ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ២០២១។

ក្នុងកម្មវិធីនោះ តំណាងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងតំណាងទូរទស្សន៍លំដាប់អន្តរជាតិ BBC បានបង្ហាញគាំទ្រនៃផែនការបើកទេសចរណ៍ឡើងវិញ និងបានប្ដេជ្ញាចូលរួមផ្សព្វផ្សាយអំពីផែនការនេះ ទៅកាន់ពិភពលោកផងដែរ។

កន្លងមក លោកថោង ខុន ដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ពាន់ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ចចំពោះទេសចរដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here