ក្នុងរយៈពេល៦ឆ្នាំ ក្រសួងប្រៃសណីយ៍នឹងដាក់ពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទាំងអស់ទូទាំងប្រទេស

0
ក្នុងរយៈពេល៦ឆ្នាំ ក្រសួងប្រៃសណីយ៍នឹងដាក់ពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទាំងអស់ទូទាំងប្រទេស

ដោយៈ ម៉ាណេត

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ផែនការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទូទាំងប្រទេសនៅឆ្នាំ២០២៧ ឬក្នុងរយៈពេលជាង៦ឆ្នាំ គិតចាប់តាំងពីពេលនេះ និងដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញឲ្យបានឆាប់។

លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយប្រធានអង្គភាពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា ក្រសួងបានកំពុងខិតខំធ្វើយ៉ាងណា ជំរុញឲ្យមានការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទាំងអស់ទូទាំងប្រទេសនៅឆ្នាំ២០២៧ខាងមុខ។

លោកបានបញ្ជាក់បន្ថែមថា តាមផែនការពង្រាយអង់តែនទូរស័ព្ទនេះ នឹងអាចជួយឲ្យមានស្ថិរភាពប្រព័ន្ធសេវា សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទាំង ការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៊ីធឺណេតផងដែរ។

លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបញ្ជាក់ពីការដោះស្រាយបញ្ហាសេវាទូរស័ព្ទ ក្នុងបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញផងដែរ ដែលកន្លងទៅមានប្រជាពលរដ្ឋយើង រអ៊ូរទាំថា ឲ្យតែចូលក្នុងបុរីទូរស័ព្ទគ្មានសេវា ហើយប្រតិបត្តិករទូរស័ព្ទតែងឆ្លើយដោះសារលើបញ្ហានេះ។

ចំពោះដំណោះស្រាយនេះ លោកបានបញ្ជាក់ថា ក្រសួងនឹងដាក់ឧបរណ៍សម្រាប់ធ្វើតេស្តចាប់សេវាទូរស័ព្ទ ក្នុងបុរី ឬទីកន្លែងណាដែលមានបញ្ហា មិនមានសេវា ហើយបង្ហាញឲ្យក្រុមហ៊ុនទូរស័ព្ទទាំងនោះកែលម្អ និងដោះស្រាយ។

ក្នុងកិច្ចប្រជុំនេះដែរ លោកជា វ៉ាន់ដេត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំព្រួយបារម្ភចំពោះការសង់អង់តែងទូរស័ព្ទ ដែលបំពាក់នៅលើផ្ទះ ឬជិតផ្ទះថា ប៉ះពាល់ដល់សុខភាពឲ្យសោះ គឺមិនប៉ះពាល់សុខភាពបងប្អូននោះទេ។ ឯកឧត្តមថា តាមការសិក្សារបស់ស្ថាប័នជំនាញអន្តរជាតិ រកឃើញថា កំដៅដែលភាយចេញពីអង់តែងទាំងនោះ មានកម្រិតតិចជាងកំដៅព្រះអាទិត្យរហូតដល់១០ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here