សណ្ឋាគារលំដាប់ផ្កាយបីឡើងចំនួន១០បានចុះឈ្មោះប្រជែងយកជ័យលាភីស្តង់ដាសណ្ឋាគារបៃតងអាស៊ាន

0

ដោយៈតារា

ភ្នំពេញៈ បន្ទាប់ពីក្រសួងទេសចរណ៍ បានជូនដំណឹងដល់បណ្តាម្ចាស់សណ្ឋាគារនៅកម្ពុជា ដាក់ស្នើពាក្យប្រកួតប្រជែងស្តង់ដាសណ្ឋាគារ បៃតងអាស៊ានលើកទី៨  ឆ្នាំ២០២២ដល់ឆ្នាំ២០២៤ នៅក្នុងវេទិកាទេសចរណ៍អាស៊ានATFឆ្នាំ២០២២ នាពេលខាងមុខនេះ។

មកដល់ពេលនេះ ក្រសួងទេសចរណ៍បានទទួលពាក្យសុំសិទ្ធចូលរួមប្រកួតប្រជែងពីតាមសណ្ឋាគារចំនួន១០សណ្ឋាគារ ខណៈការបិទឈប់ទទួលពាក្យនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ។

លោកគីម សេរីរដ្ឋ ប្រធាន ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសច​រណ៍និងម្ហូបអាហារ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃទី១២ ខែសីហានេះថា នៅពេលនេះក្រសួងទេសចរណ៍ នៅតែបន្តរងចាំទទួលពាក្យស្នើសុំសិទ្ធចូលរួមប្រកួតប្រជែងស្តង់ដាសណ្ឋាគារអាស៊ាន ពីតាមបណ្តាសណ្ឋាគារនានានៅកម្ពុជាដែលមានលំដាប់ផ្កាយ ចាប់ពីផ្កាយបីឡើងទៅ ហើយត្រូការដាក់ពា្យនោះ បណ្តាសណ្ឋា​គារត្រូវមានអាជ្ញាបណ្ណប្រកបអាជីវកម្ម សេវាសណ្ឋាគារត្រឹមត្រូវភ្ជាប់ទៅជាមួយ ។

លោកបន្តថា “បច្ចុប្បន្នក្រុមកាងារក្រសួងទេសចរណ៍ មិនទាន់បានចុះវាយតម្លៃកំ​ណ​ត់ស្តង់ដាសណ្ឋាគារបៃតងកម្ពុជានោះទេ ហើយជារួមបន្ទាប់ពីបិទបញ្ចប់នៃការទទួ​លពាក្យនៅពេលខាងមុខនេះ”។លោកបន្តថា “ក្រុមការងារក្រសួងនឹងចុះធ្វើវាយតម្លៃបណ្តាសណ្ឋាគារ ដែលបានដាក់ពាក្យ ខណៈស្តង់ដាសណ្ឋាគារបៃតងនោះ គឺត្រូវអនុវត្តតាមលក្ខខ័ណ្ឌចំនួន១១គោលធំៗ រួមមាន សណ្ឋាគារត្រូវមានគោលការណ៍គិតគូ ពីបរិស្ថាន  គិតគូប្រើប្រាស់ផលិតផលមិនប៉ះពាលបរិស្ថាន និងសុខភាព មិនប្រើប្រាស់ផលិតផលជីវសាស្ត្រ ការអនុវត្តគោលការណ៍សន្សំទឹក ថាមពលអគ្គីសនី ហើយក្រៅពីនេះសណ្ឋាគារក៏គិតគូអំពីចូលរួមជួយសង្គម និងសហគមន៍ជាដើម”។

តាមគោលការណ៍អាស៊ាន ជាទូទៅនៅក្នុងការប្រកួតប្រជែងយកស្លាកសញ្ញាស្តង់ដារសណ្ឋាគាបៃតងអាស៊ានម្តងៗ បណ្តាប្រទេសនីមួយៗជាសមាជិកអាស៊ាន គឺមានលទ្ធភាពអាចយកសណ្ឋាគារបៃតង នៅក្នុងប្រទេសខ្លួនយ៉ាងច្រើនបំផុតចំនួន៥ ទៅដាក់ពាក្យស្នើសុំអាស៊ានវាយតំលៃ និងដណ្តើមយកស្លាកសញ្ញាស្តង់ដាសណ្ឋាគារបៃតង អាស៊ាននេះ។

សម្រាប់កម្ពុជាវិញ មកដល់ពេលនេះ លោកគីម សេរីរដ្ឋ បានអោយដឹងថា មានសណ្ឋាគារចាប់ពីផ្កាយបី ឡើងទៅចំនួន១០សណ្ឋាគាររួចហើយ បានដាក់ពាក្យប្រកួតប្រជែង និងវាយតំលៃស្តង់សណ្ឋាគារបៃតង ហើយក្រោយពីការវាយតំលៃនោះ កម្ពុជា នឹងជ្រើសរើសសណ្ឋាគារបៃតងកម្ពុជាចំនួន៥ បញ្ជូនទៅក្រុមអាស៊ាន ដើម្បីធ្វើការវាយតំលៃផ្តល់ស្តង់ដារ និងផ្តល់ស្លាក់សញ្ញាសណ្ឋាគាបៃតងអាស៊ាននោះ នៅក្នុងវេទិកាទេសចរណ៍អាស៊ានATFឆ្នាំ២០២២ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់រៀបចំ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ខែមករា ឆ្នាំ២០២២ខាងមុខនេះ។

បណ្តាសណ្ឋាគារលំដាប់ផ្កាយបីឡើងទៅចំនួន១០ ដែលបានដាក់ពាក្យប្រកួតប្រ​ជែងនោះ ភាគច្រើនជាសណ្ឋាគារនៅក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀម​រាប ខណៈនៅទូទាំងប្រទេសកម្ពុជា បច្ចុប្បន្នមានសណ្ឋាគារប្រមាណជាង១០៨០សណ្ឋាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here