ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន China Power International Group ដែលទទួលបានសិទ្ធអភិវឌ្ឍព្រលានមណ្ឌលគិរី និងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការរួមគ្នាពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីឈានទៅរកការវិនិយោគសាងសង់ក្នុងពេលឆាប់ៗ។
លោកស៊ិន ចាន់សិរីវត្ថាអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ឲ្យដឹងថា ការពិភាក្សា ដែលបានដំណើរការអស់រយៈពេល៣ខែមកនេះ មិនទាន់បានសម្រេចនៅឡើយទេ។
លោកបន្តថា “កិច្ចព្រមព្រៀងក្របខណ្ឌមានសារៈសំខាន់ណាស់ ហើយបច្ចុប្បន្ន មិនទាន់បញ្ចប់ការពិភាក្សាគ្នា លើកិច្ចព្រមព្រៀងក្របខណ្ឌនេះនៅឡើយទេ”។ លោកបន្តថា ជាទូទៅកិច្ចព្រមព្រៀងក្របខណ្ឌ គឺផ្តោតសំខាន់ថាតើក្រុមហ៊ុនទាមទារអ្វីខ្លះ ពីការវិនិយោគ ហើយរដ្ឋអាចសម្រួល និងផ្តល់អ្វីបានឱ្យទៅក្រុមហ៊ុនខ្លះ និងទទួលបានប្រយោជន៍អ្វី។
បន្ទាប់ពីភាគីទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ដំណាក់កាលបន្ទាប់គឺក្រុមហ៊ុននឹងសិក្សាបន្ថែម លើរបាយការណ៍ដែលអាកាសចរណ៍ស៊ីវិល បានសិក្សាចប់កាលពីដើមឆ្នាំនេះ ដើម្បីសិក្សាពីលទ្ធភាពវិនិយោគ។
រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានរៀចំផែនការមេអភិវឌ្ឍន៍៍ខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទទី៤ ដើម្បីអភិវឌ្ឍន៍ប្រទេ សតាមរយៈការសាងសង់ព្រលានយន្តហោះ និងផែនការអភិវឌ្ឈន៍ជាច្រើនទៀត។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនធ្លាប់បានមានប្រសាសន៍ថា ការកសាងព្រលានយន្តហោះខេត្តមណ្ឌលគិរី ជាផែនការអាទិភាព ដើម្បីអភិវឌ្ឍន៍ខេត្តនេះ តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាខេត្តនេះ ដោយសារខេត្តនេះមានសក្តានុពលផ្នែកអេកូទេសចរណ៍ ពិសេសរដ្ឋាភិបាលក៏មានផែនការអនុញ្ញាត្តឲ្យវិស័យឯកជនដាំដំណាំហូបផ្លែ បន្លែសម្រាប់ផ្គត់ផ្គង់សេវាកម្មទេសចរណ៍នៅទូទាំងប្រទេស ដោយសារខេត្តនេះមានអាកាសថាតុល្អ និងដីមានជីវជាតិខ្ពស់៕