ការសិក្សា: ទីផ្សារការិយាល័យនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងតែងើបឡើងវិញ

0

ដោយៈសុខុម

គូឡាឡាំពួ: របាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុន អចលនទ្រព្យអាមេរិក  CBRE ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដាបានបង្ហាញថា ទីផ្សារការិយាល័យនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងតែងើបឡើងគួរឱ្យសាទរ។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី១១ សីហា ឱ្យដឹងថា បណ្ដាវិនិយោគិនបានបង្ហាញទំនុកចិត្តច្រើនជាងមុន គួរឱ្យកត់សម្គាល់ ក្រោយពីទីផ្សារជាច្រើនទទួលបានជោគជ័យ ក្នុងការទប់ទល់ការរីករាលដាលនៃវីរុសកួវីដ-១៩ និងមានការបន្ធូរបន្ថយ លើការរឹតបន្តឹងលើសកម្មភាពអាជីវកម្ម និងសង្គមក្នុងរយៈពេល៦ខែចុងក្រោយនេះ។

លទ្ធផលនៃរបាយការណ៍នេះចេញ ក្រោយពីក្រុមហ៊ុន CBRE បានធ្វើការស្ទង់មតិទៅលើបណ្ដាម្ចាស់ការិយាល័យពីថ្ងៃទី៣ ឧសភា ដល់ថ្ងៃទី៤ មិថុនា។ ស្របពេលក្រុមហ៊ុននានា កំពុងវិលទៅរកការពង្រីកអាជីវកម្មជាបណ្ដើរៗ របាយការណ៍នេះឆ្លុះបញ្ចាំងពីទំនោរសំខាន់ៗរបស់ក្រុមម្ចាស់អគារការិយាល័យ និងធ្វើការវិភាគថា តើវិនិយោគិនទាំងនោះនឹងបោះជំហ៊ានទៅមុខ តាមទំនោរថ្មីនោះដោយរលូន ឬយ៉ាងណា។

របាយការណ៍នេះបង្ហាញថា អ្នកឆ្លើយសំណួរចំនួន៧១%ជឿជាក់ថា ស្ថានភាពអាជីវកម្មបច្ចុប្បន្នកំពុងមានភាពប្រសើរឡើងច្រើន បើធៀបទៅនឹងការស្ទង់មតិ២លើកមុននេះដែលក្រុមហ៊ុនCBRE បានធ្វើឡើងនៅខែមេសា និងខែតុលា ឆ្នាំ២០២០។ អាណាចក្រចិន ឬ Greater China (រាប់បញ្ចូលចិនប៉េកាំង ហុងកុង ម៉ាកាវ និងចិនតៃវ៉ាន់) និងតំបន់ប៉ាស៊ីហ្វិក បានបង្ហាញទំនុកចិត្តខ្ពស់ជាងគេបំផុត ចំណែកឯឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍ មិនសូវមានសុទិដ្ឋិនិយម ខណៈពួកគេកំពុងតែតស៊ូដោះស្រាយ ការឆ្លងវីរុសកូវីដ-១៩ រលកថ្មី។

អត្រាឆ្លងដែលមិនអាចព្យាករដឹងជាមុន នឹងបន្តដាក់ទម្ងន់ទៅលើការងើបឡើងក្នុងតំបន់។ របាយការណ៍នេះលើកឡើងថា “ការកើនឡើងយ៉ាងឆាប់រហ័សនៃអត្រាចាក់វ៉ាក់សាំងនៅក្នុងបណ្ដាទីផ្សារអាស៊ី និងការបើកការិយាល័យឡើងវិញទូទាំងពិភពលោកនឹងជួយបង្កើនទំនុកចិត្តរបស់វិនិយោគិន លើការគ្រប់គ្រងការឆ្លងរីករាលដាល”។

របាយការណ៍ដដែលបន្តថា“ខណៈពេលដែលអត្រាប្រើប្រាស់ការិយាល័យ ជាមធ្យ​មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានប្រសើរឡើងបន្តិចដល់៤៩%នៅក្នុងខែឧសភា ល្បឿននៃការវិលត្រលប់ មកធ្វើការនៅការិយាល័យវិញ ទូទាំងតំបន់មានខុសៗគ្នា ហើយត្រូវបានរំពឹងថានឹងប្រែប្រួលឡើងចុះ ដោយមិនគិតពីការងើបឡើងវិញនៃសេដ្ឋកិច្ច។ ទីផ្សារនៅអាណាចក្រចិន (Greater China) មានការប្រើប្រាស់ការិយាល័យខ្ពស់បំផុត នៅក្នុងខែឧសភា ចំណែកឯការប្រើប្រាស់ការិយាល័យនៅអាស៊ីអាគ្នេយ៍ និងឥណ្ឌា បានធ្លាក់ចុះចាប់តាំងពីការស្ទង់មតិលើកមុន ដោយសារតែការដាក់ចេញជាថ្មី នូវវិធានការរឹតបន្តឹងនានា ដោយតម្រូវឱ្យកាត់បន្ថយចំនួនមនុស្សធ្វើការក្នុងការិយាល័យ”។

អត្រាប្រើប្រាស់ការិយាល័យត្រូវបានរំពឹងថា នឹងប្រែប្រួលទៅតាមការកើនឡើង ឬការថយចុះអត្រាឆ្លងវីរុសកូវីដ-១៩។ របាយការណ៍ដដែលលើកឡើងថា “ទីក្រុងមួយចំនួននៅអូស្រ្តាលី ជប៉ុន កូរ៉េ និងតៃវ៉ាន់ បានកត់ត្រាពីការកើនឡើងនូវប្រើប្រាស់ការិយា​ល័យជាបន្តបន្ទាប់ ប៉ុន្តែបានដាក់ចេញវិធានការរឹតបន្តឹង ពោលគឺតម្រូវឱ្យកាត់បន្ថយចំនួនមនុស្សមកធ្វើការនៅការិយាល័យ ដោយសារការកើនឡើងករណីវីរុសកូវីដ-១៩ នៅក្នុងខែមិថុនា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here