ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ក្នុងពេលផ្លូវជាតិលេខ៣ បានបង្ហាញពីសម្រស់ដ៏ទាក់ទាញ ដោយរដ្ឋាភិបាលបានជួសជុលស្ថាបនា និងពង្រីកធំជាងមុន ធ្វើឱ្យផ្លូវនេះកាន់តែមានភាពទាក់ទាញដល់បណ្ដាវិនិយោគិនជាច្រើន ជាពិសេសវិនិយោគិនក្នុងស្រុកតែម្ដង។
ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ក្នុងពេលផ្លូវជាតិលេខ៣ បានបង្ហាញពីសម្រស់ដ៏ទាក់ទាញ ដោយរដ្ឋាភិបាលបានជួសជុលស្ថាបនា និងពង្រីកធំជាងមុន ធ្វើឱ្យផ្លូវនេះកាន់តែមានភាពទាក់ទាញដល់បណ្ដាវិនិយោគិនជាច្រើន ជាពិសេសវិនិយោគិនក្នុងស្រុកតែម្ដង។
បើតាមការឱ្យដឹងពីអ្នកជំនាញនៃវិស័យអចលនទ្រព្យបានឱ្យដឹងថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីនោះនឹងទទួលបានការទាក់ទាញ វិនិយោគពីវិនិយោគិនជាបន្តបន្ទាប់ ដូច្នេះហើយទើបរដ្ឋាភិបាល បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ តភ្ជាប់ពីភ្នំពេញទៅបណ្ដាខេត្តនានា និងហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្ត ដែលមានសក្ដានុពលទាក់ទាញវិនិយោគិនផងដែរ ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ផ្លូវជាតិលេខ៣ វានឹងកាន់តែទាក់ទាញនៅពេលវាសាងសង់បានរួច១០០ភាគរយ ហើយវិនិយោគិននឹងចាប់ផ្ដើមដំណើរការវិនិយោគ ទៅលើគម្រោងរបស់ខ្លួនបណ្ដើៗ ដូចជា ឃ្លាំងរោងចក្រសម្រាប់ជួល និងសំណង់អគាររោងចក្រជាដើម ព្រោះផ្លូវនេះវាមានសក្ដានុពលខ្ពស់ ទៅលើការអភិវឌ្ឍឧស្សាហកម្មរោងចក្រតែម្ដង។
លោកបន្តថា “ជាទូទៅទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីនោះនឹងមានការទាក់ទាញ ទៅលើការវិនិយោគជាក់ជាមិនខាន ជាក់ស្ដែងដូចបានឃើញស្រាប់ហើយ តំបន់មួយចំនួននៅជាយរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធច្រើនតំបន់នោះ ក៏ទទួលបានគម្រោងវិនិយោគច្រើនដែរ”។
សម្រាប់តំបន់ផ្លូវជាតិលេខ៣វិញ វាក៏ជាការជំរុញសក្ដានុពលខេត្តមួយចំនួន ជាពិសេសខេត្តកំពតនិងកែបជាដើម ដែលនឹងទាក់ទាញឱ្យវិនិយោគិន ចុះសិក្សាស្រាវជ្រាវរកការវិនិយោគរបស់ខ្លួនផងដែរ ។
ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ផ្លូវជាតិលេខ៣លេខ២ និងផ្លូវជាតិ៤ ជាផ្លូវដែលមានសក្ដានុពលក្នុងការអភិវឌ្ឍឧស្សាហកម្ម ដោយសារតែផ្លូវនេះវាងាយស្រួល ក្នុងការភ្ជាប់ទៅកំពង់ផែទឹកជ្រៅនៃខេត្តព្រះសីហនុ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែ និងពីកំពង់ផែមកកាន់ទីតាំងផលិតវិញ ។
នៅតំបន់ផ្លូវជាតិលេខ៣ បច្ចុប្បន្ននេះក៏មានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបន្តបន្ទាប់ចាប់ផ្ដើមរីកដុះដាលជាបន្តបន្ទាប់ និងការសង់រោងចក្រ ឃ្លាំងកាន់តែច្រើនខណៈរោងចក្រមួយចំនួន ក៏ចាប់ផ្ដើមរើចេញពីទីក្រុងភ្នំពេញ និងរកទីតាំងថ្មី។ ការអភិវឌ្ឍផ្លូវជាតិលេខ៣នេះដែរ ក៏បានធ្វើឱ្យតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវនេះ មានហាងឆេងនិងតម្លៃជាងមុនផងដែរ។ នេះបើតាមការលើកឡើងរបស់អ្នកវាយតម្លៃអចលនទ្រព្យជាច្រើនកន្លងមក៕