ដោយៈ សាវុធ
ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅថ្ងៃនេះ ចែករំលែកបទពិសោធន៍ និងមូលដ្ឋានគ្រឹះចំនួនបី ដើម្បីធ្វើឱ្យអាជីវកម្មដំណើរការទៅមុខ។
អ្នកឧកញ៉ា បានរៀបរាប់លើបណ្តាញសង្គម នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះថា “ថ្ងៃនេះ ខ្ញុំសូមចែករំលែកបទពិសោធន៍តិចតួចរបស់ខ្ញុំ។ ការចាប់ផ្តើមអាជីវកម្មអាចជាបទពិសោធន៍ដ៏ពិបាក ប៉ុន្តែខ្ញុំជឿជាក់លើមូលដ្ឋានគ្រឹះចំនួនបី ដើម្បីធ្វើឱ្យអាជីវកម្មដំណើរការទៅមុខ – ចក្ខុវិស័យ ការផ្តល់ឱ្យ និងភាពជឿទុកចិត្ត។
១. ចាប់ផ្តើមជាមួយចក្ខុវិស័យ – ជារឿងល្អដែលមានក្តីសុបិនខ្ពស់ និងការប្រាថ្នាធំ ហើយគិតឱ្យបានជ្រៅ។ ចក្ខុវិស័យរបស់អ្នកមិនត្រឹមតែសំដៅលើការរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យមួយដើម្បីសម្រួល ឬធ្វើឱ្យជីវិតអ្នកដទៃប្រសើរឡើង។
ជិត៣០ឆ្នាំមុន ក្នុងនាមខ្ញុំជាយុវជនខ្មែរ ខ្ញុំបានត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងក្តីសុបិនដ៏មានមហិច្ឆតាមួយ ដើម្បីជួយលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ ថ្ងៃនេះខ្ញុំមានទស្សនៈដូចគ្នា ហើយនៅតែបន្តខិតខំធ្វើឱ្យវាក្លាយជាការពិត។
២. រក្សាការសន្យា – សុចរិតភាពគឺជាលក្ខណៈយ៉ាងសំខាន់និងចាំបាច់។ សូមចងចាំថាការចាប់ផ្តើមអាជីវកម្មរបស់អ្នកត្រូវបានបង្កើតឡើងដោយការជឿទុកចិត្ត គុណធម៌ ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នាដែលជាគ្រឹះសំខាន់ក្នុងការផ្តល់នូវអ្វីដែលយើងបាននិយាយថាយើងនឹងផ្តល់ឱ្យទៅដៃគូអាជីវកម្មរបស់យើង។ សូមចាប់ផ្តើមដោយការផ្តល់នូវអ្វីដែលអ្នកបានសន្យា។
៣. សន្សំភាពជឿទុកចិត្ត – ការធ្វើបានល្អនៅក្នុងអាជីវកម្មមួយនឹងជួយអ្នកឱ្យទទួលបានភាពជឿទុកចិត្តនៅក្នុងអាជីវកម្មបន្តបន្ទាប់ដែលអ្នកចង់បង្កើតទៀត។ អ្នកអាចទទួលបានភាពជឿទុកចិត្តរបស់អ្នក មិនត្រឹមតែពីអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែពីស្ថាប័នហិរញ្ញវត្ថុ និយ័តករ និងវិនិយោគិនរបស់អ្នកទៀតផង។ ភាពជឿទុកចិត្តនឹងជួយឱ្យអាជីវកម្មរបស់អ្នកមាននិរន្តរភាពក្នុងរយៈពេលវែង។
“ខ្ញុំមិនបញ្ឈប់នៅចំណុចនេះទេ ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត”៕