តើការសាងសង់ព្រលានយន្តហោះអន្តរជាតិទាំងបីរបស់កម្ពុជាកំពុងវិវត្តន៍បែបណា?

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទោះស្ថិតនៅក្នុងវិបត្តិដោយសារតែជំងឺកូវីដ១៩ រាលដាលក្នុងសហគមន៍និងកាន់តែមានសភាពធ្ងន់ធ្ងរ ជាងកាលពីឆ្នាំ២០២០ក៏ដោយ តែគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជានៅតែបន្តដំណើរការសាងសង់ដោយរលូន។

គេសង្កេតឃើញថាគម្រោងធំៗរបស់រដ្ឋាភិបាល បាននិងកំពុងបន្តសាងសង់ក្នុងពេលមានវិបត្តិកូវីដ១៩នេះដែរ ដូចជាព្រលានយន្តហោះភ្នំពេញថ្មី ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី និងព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង ។

តើរហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះទាំងនេះ មានដំណើរការមកដល់ដំណាក់កាលណាហើយ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមខ្លាំងនឹងជំងឺរាតត្បាតនេះ?។

លោកស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការ    ដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ឲ្យដឹងក្នុងសប្តាហ៍នេះថា បើទោះបីជាកម្ពុជាជួបប្រទះនឹងបញ្ហាកូវីដ១៩ក្ដី តែដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិទាំងបីរបស់កម្ពុជា ពុំមានការប្រែប្រួលនោះទេ ពោលគឺនៅតែបន្តដំណើរការសាងសង់ដដែល។

លោកបន្តថា “រហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការកសាងព្រលានយន្តហោះទាំងបីរបស់កម្ពុជា គឺនៅតែដំណើរការសាងសង់ជាជំហានៗដដែល ជាក់ស្ដែងសម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមកដល់ពេលនេះ សម្រេចការសាងសង់បានជិត២០ភាគរយ ហើយវានឹងដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៣”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា សម្រាប់យន្តហោះផ្សេងទៀត ដូចជាព្រលានយន្តហោះ សៀមរាបអង្គរថ្មី ក៏សម្រេចប្រមាណ៤៣ភាគរយ ហើយព្រលានយន្តហោះ នេះ គ្រោងនឹងបញ្ចប់រួចរាល់នៅខែកញ្ញាឆ្នាំ២០២២ នឹងដាក់ដំណើរការនៅចុងត្រីមាសទី១ឆ្នាំ២០២៣។ ចំណែកព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តកោះកុង មកដល់ពេលនេះ សម្រេចបានប្រមាណជាង៩១ភាគរយ ហើយវានឹងបញ្ចប់ទាំងស្រុងនៅខែធ្នូឆ្នាំនេះ និងដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២២។

លោកបន្ថែមថា ព្រលានយន្តហោះទាំងបី ដែលកំពុងដំណើរការសាងសង់នេះ ជាប្រភេទព្រលានយន្តហោះ ដែលអនុញ្ញាតឱ្យយន្តហោះធំៗចុះចតបាន ដូចជា យន្តហោះAirbus340 Airbus350 និងប្រភេទយន្តហោះ ប៊ូអ៊ីង៤០០ ប៊ូអ៊ីង៧៤៧ និងយន្តហោះប្រភេទប៊ូអ៊ីង៧៧៧ជាដើម ។

ទោះជាយ៉ាងណាលោកទទួលស្គាល់ថា ព្រលានយន្តហោះ មួយចំនួនមានភាពយឺតយ៉ាវបន្តិចដូចជាព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មីជាដើម ប៉ុន្តែយើងត្រូវទទួលស្គាល់រាល់ការដ្ឋានសំណង់ បាតគ្រឹះត្រូវការពេលវេលាយូរបន្តិចហើយ ព្រោះត្រូវការចាក់បំពេញដីបង្ហាប់គ្រឹះឱ្យមាំ តែនៅពេលដែលបានឡើងជាសរសេរមកលើហើយ វាប្រៀបដូចជាផ្សិតអញ្ចឹងដែរ គឺនឹងរីកលឿនហើយប្លែកពីមួយថ្ងៃទៅមួយថ្ងៃ ។

កម្ពុជារំពឹងថា នឹងទទួលបានអ្នកដំណើរឆ្លងកាត់ ព្រលានយន្តហោះទាំងបីរបស់ខ្លួនកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ នៅពេលព្រលានយន្តហោះទាំងបីនេះ រួច​រាល់ជាស្ថាពរនឹងវានឹងរកចំណូលបន្ថែមសម្រាប់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here