ប្រទេសសិង្ហបុរីចម្រោះទឹកសម្អុយ យកមកប្រើប្រាស់ឡើងវិញដល់ទៅ៤០ភាគរយ

0

ដោយៈសុខុម

សិង្ហបុរី:  ដ្បិតតែមានផ្ទៃដីតូច សិង្ហបុរី ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាខ្លាសេដ្ឋកិច្ចនៅអាស៊ី ព្រោះប្រទេសដែនកោះមួយនេះគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ តាមជើងទឹកដ៏សំខាន់នៅក្នុងតំបន់។

ប៉ុន្តែតើដឹងទេថា រដ្ឋាភិបាលរបស់ប្រទេសនេះ បានចម្រោះទឹកសម្អុយយកមកប្រើប្រាស់ឡើងវិញដល់ទៅ៤០%?។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១១ សីហា ឱ្យដឹងថា ប្រទេសនេះ មានរោងចក្រធ្វើប្រព្រឹត្តិកម្មទឹកដ៏ធំមួយ សម្រាប់ចម្រោះទឹកសម្អុយយកមកប្រើប្រាស់ឡើងវិញ ដើម្បីកាត់បន្ថយការនាំចូលទឹកសាប និងកាត់បន្ថយការបំពុលបរិស្ថានទឹកសមុទ្រ។

ដោយសារតែគ្មានធនធានទឹកធម្មជាតិ ពោលគឺទឹកសាបសម្រាប់ប្រើប្រាស់ ប្រទេ​សតូចដែលមានតែទីក្រុងនេះ ត្រូវពឹងផ្អែកខ្លាំងលើការនាំចូលទឹកសាបពីម៉ាឡេស៊ី ដែលជាប្រទេសក្បែរខាងរបស់ខ្លួន។

ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលទឹកសាប រដ្ឋាភិបាលប្រទេសនេះបានបង្កើតប្រព័ន្ធដ៏ជឿនលឿនមួយ សម្រាប់ធ្វើប្រព្រឹត្តកម្មទឹកសម្អុយ (ចម្រោះទឹកស្អុយទៅជាទឹកស្អាត)។ ប្រព័ន្ធនេះ រួមមាន បណ្ដាញផ្លូវក្រោមដី និងរោងចក្រធ្វើប្រព្រឹត្តកម្មដែលបំពាក់បច្ចេកវិទ្យាទំនើប។

រដ្ឋាករទឹករបស់ប្រទេសនេះបញ្ជាក់ថា បច្ចុប្បន្នទឹកសម្អុយ ដែលត្រូវបានធ្វើប្រព្រឹត្តកម្មអាចបំពេញបាន៤០% នៃតម្រូវការទឹកសាបសរុបក្នុងប្រទេសនេះ ហើយតាមការរំពឹងទុកថា តួលេខនេះនឹងកើនឡើងដល់៥៥%នៅត្រឹមឆ្នាំ២០៦០។

ខណៈភាគច្រើននៃទឹកដែលធ្វើប្រព្រឹត្តរួច ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងឧស្សាហកម្ម ទឹកខ្លះទៀតសម្រាប់ផ្គត់ផ្គង់ទឹកផឹក ដល់ប្រជាជនប្រមាណ៥,៧លាននាក់ក្នុងប្រទេសនេះ។

ប្រព័ន្ធនេះជួយកាត់បន្ថយការបំពុលបរិស្ថានសមុទ្រ ព្រោះទឹកដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ក្នុងបរិមាណតិចតួចប៉ុណ្ណោះដែលហូរចាក់ចូលទៅក្នុងសមុទ្រ។

នេះគឺផ្ទុយគ្នាស្រឡះ ពីប្រទេសភាគច្រើនដែល៨០% នៃទឹកសម្អុយហូរចាក់ចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ដោយគ្មានការធ្វើប្រព្រឹត្តកម្ម ឬប្រើប្រាស់ឡើងវិញ។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here