ដោយៈគង់ សូរិយា
ភ្នំពេញៈ អង្គការសុខភាពពិភពលោក បានក្រើនរំឭកដល់ពលរដ្ឋកម្ពុជា តាមរយៈអត្ថបទមួយមានចំណងជើងថា “ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនជាដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ នោះទេ”។
អង្គការនេះបានគូសបញ្ជាក់ថា “សុទិដ្ឋិនិយមចំពោះវ៉ាក់សាំង អាចបង្កគ្រោះថ្នាក់”។ កាលដែលបានចាក់វ៉ាក់សាំងរួចហើយ មិនមានន័យថាអ្នកគួរតែឈប់ អនុវត្តន៍វិធានការបង្ការផ្សេងទៀត ដូចជា ការពាក់ម៉ាស់នៅទីសាធារណៈ ការរក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំ ឬប្រមូលផ្ដុំមនុស្សជាដើមនោះទេ”។
-->
កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល រួមទាំងក្រសួងសុខាភិបាល កន្លងមកបានកំពុងតែធានា នូវការមកដល់នៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ កាន់តែច្រើន ធានាថាពលរដ្ឋបានចាក់វ៉ាក់សាំង និងធានាឱ្យមានការគ្របដណ្តប់ នៃការចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះ ក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ និងដែលរស់នៅតំបន់ដាច់ស្រយាល។
អង្គការសុខភាពពិភពលោក កោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវជោគជ័យដ៏ធំធេងមួយ ក្នុងការចាក់វ៉ាក់សាំងដល់ពលរដ្ឋបានជាង៨លាននាក់ ឬស្មើនឹងជាង៨០ភាគរយ នៃគោលដៅ១០លាននាក់។
ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោកបានលើកឡើងថា ការចាក់វ៉ាក់សាំងតែមួយមុខ មិនមែនជាដំណោះស្រាយវេទមន្តនោះទេ វាគ្រាន់តែជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដ៏សំខាន់ជាច្រើន នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយវាជួយកាត់បន្ថយមិនឱ្យឈឺជំងឺធ្ងន់ធ្ងរ ជួយកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងកាត់បន្ថយការស្លាប់។
អង្គការសុខភាពពិភពលោកបានគូសបញ្ជាក់ថា យើងអាចទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ បាន លុះត្រាតែយើងបន្តអនុវត្តអន្តរាគមន៍ សុខភាពសាធារណៈ មិនមែនឱសថចំគោលដៅបានយ៉ាងតឹងរ៉ឹង និងប្រកបដោយប្រសិទ្ធភាព គួបផ្សំនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផងដែរ”។
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “ភាពក្លាហាន ការយល់ចិត្ត និងសេចក្តីស្រលាញ់ ដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានចំពោះប្រទេសជាតិ និងមនុស្សជាទីស្រលាញ់របស់ខ្លួន តែងតែជំរុញចិត្តខ្ញុំ”។ លោកស្រីបន្តថា “ជាមួយនឹងសកម្មភាពបុគ្គល និងសមូហភាព យើងនឹងយកឈ្នះនៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ បាន”។
លោកស្រីបានបន្តថា ជំងឺរាតត្បាតកូវីដ១៩ នៅឆ្ងាយពីទីបញ្ចប់។ ខណៈដែលមានសញ្ញានៃការថយចុះនូវការចម្លង និងការស្លាប់នៅតាមខេត្តខ្លះ ហានិភ័យនៃការកើនឡើងនៃករណីកូវីដ ១៩ ដោយសារវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា គឺខ្ពស់ណាស់ ជាពិសេសប្រសិនបើយើងឆាប់បន្ធូរបន្ថយ ហើយនឹងបន្ធូរបន្ថយការអនុវត្តអន្តរាគមន៍សុខភាពសាធារណៈមិនមែនឱសថលឿនពេក៕