រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់នៅខេត្តកែបដើម្បីទាក់ទាញទេសចរ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញ ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីពេលថ្មីនេះឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្បៃ់ប្រវែង២៧០០ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់ព្រៃកោងកាងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

សេចក្តីប្រកាសបានឱ្យដឹងថាឆ្នេរនេះ នឹងត្រូវរៀបចំកែលម្អទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណកម្រិតខ្ពស់តាមបណ្ដោយឆ្នេរសមុទ្រដែលមានទទឹងប្រវែងយ៉ាងតិច៣០ម៉ែត្រ និងបណ្ដោយប្រវែង២៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះនិងចាក់ខ្សាច់សល្អ សម្រាប់ជាឆ្នេរខ្សាច់កម្សាន្តសាធារណៈ រៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើចំណី ឆ្នេរសមុទ្រដែលមានទទឹងប្រវែង៥០ម៉ែត្រ និងបណ្ដោយប្រវែង២៧០០ម៉ែត្រ ដោយរៀបចំគ្រឹះនិងចាក់ដីមានជីវជាតិល្អ សម្រាប់សួនច្បារ និងការដាំដើមឈើ ថវិកាសម្រាប់រៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈ សួនច្បារសាធារណៈនិងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រជាការចូលរួមរបស់ម្ចាស់អាជីវកម្មជាថ្នូរនឹងការទទួលបានដីប្រវែង៥០ម៉ឺនបន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួនច្បារ។

គម្រោងនេះនឹងពង្រីកឆ្នេរខ្សាច់កាន់តែធំទូលាយបន្តពីសួនច្បារសំដៅលើកម្ពស់សោភណភាព និងបរិស្ថានប្រែក្លាយពីតំបន់ដែលមិនមានការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋ មានវិសាលភាពធំទូលាយ ទាក់ទាញទេសចរបង្កើតមុខរបរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្ករ និងការរួចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាសេដ្ឋកិច្ចជាតិ។

ខេត្តកែបជាខេត្តទទួលបានភ្ញៀវទេសចរច្រើនជាងគេមួយផងដែរក្នុងចំណោមខេត្តនានាទូទាំងប្រទេសនៅក្នុងបរិបទកូវីដ១៩នេះហើយខេត្តនេះក៏មានផ្លូវតភ្ជាប់ពីភ្នំពេញកាន់តែស្រួលផងដែរ ដោយបានកសាងជិតរួចរាល់ទាំងស្រុងហើយ ។

ម្យ៉ាងទៀត រដ្ឋាភិបាលក៏បានប្រកាសសាងសង់ផ្លូវជាតិសំខាន់ៗទៅកាន់ខេត្តដើម្បីជួយសម្រួល់ទេសចរធ្វើដំណើរទៅកម្សាន្តនិងត្រលប់មកវិញ និងរំពឹងថាខេត្តនេះនឹងកាន់តែទទួលបានភ្ញៀវទេសចរកាន់តែច្រើនឡើងថែមទៀតពេលចប់វិបត្តិកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here