ក្រុមហ៊ុនFacebookនិងAmazonរង់ចាំការបើកភ្លើងខៀវពីរដ្ឋាភិបាលអាមេរិកដើម្បីដំណើរការបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ

0

ដោយៈ សុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុន Facebook Inc និងក្រុមហ៊ុន Amazon.com Inc បានស្នើសុំការអនុម័តពីរដ្ឋាភិបាលអាមេរិក ដើម្បីដំណើរការបណ្ដាញខ្សែកាបទិន្នន័យក្រោមបាតសមុទ្រថ្មីមួយរវាងហ្វីលីពីន និងរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីក្រុមហ៊ុនចិន China Mobile បានយល់ព្រមដកខ្លួនចេញពីផែនការនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសៅរ៍ ទី១៤ សីហា នេះ។

ក្រុមហ៊ុនទាំងពីរបានប្រាប់គណៈកម្មាធិការទូរគមនាគមន៍សហព័ន្ធ (Federal Communications Commission (FCC)) ថា ពួកគេមានបំណងចាប់ផ្តើមដំណើរការអាជីវកម្មនៅចុងឆ្នាំ២០២២ ហើយបានគូសបញ្ជាក់ថា ការតភ្ជាប់ទិន្នន័យថ្មីនេះពិតជាមានសារៈសំខាន់ណាស់ ខណៈតម្រូវការកើនឡើងប្រកបដោយនិរន្តរភាពក្នុងមួយឆ្នាំៗ។

ក្រុមហ៊ុនទាំងនេះបានលើកឡើងរួមគ្នាថា បណ្ដាញខ្សែកាបថ្មីនេះនឹងជួយគាំទ្រដល់កម្មវិធីនានារបស់ក្រុមហ៊ុន Facebook ហើយនឹងធ្វើឱ្យក្រុមហ៊ុន Amazon និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះមានសមត្ថភាពគាំទ្រសេវាកម្ម Cloud របស់ Amazon និងភ្ជាប់ទៅមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។

អ្នកនាំពាក្យក្រុមហ៊ុន Facebook និយាយថា គម្រោងដែលគូភាគីបានព្រមព្រៀងគ្នានេះគឺជា “ផ្លូវដ៏ល្អបំផុតឆ្ពោះទៅបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យដំណើរការប្រព័ន្ធខ្សែកាបនេះដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវកម្មសិទ្ធិលើប្រព័ន្ធនេះ ដែលផ្ដល់លទ្ធភាពឱ្យគូភាគីតភ្ជាប់ទៅកាន់មនុស្ស និងតំបន់កាន់តែច្រើនបន្ថែមទៀត”។

ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុន Amazon និងក្រុមហ៊ុន China Mobile មិនបានឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ។

សហរដ្ឋអាមេរិក តែងតែសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតចំពោះតួនាទីរបស់ប្រទេសចិន នៅក្នុងគ្រប់គ្រងចរាចរបណ្តាញខ្សែកាប ដោយខ្លាចមហាយក្សចិន លួចយកការណ៍សម្ងាត់របស់ពិភពលោក។ ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រប្រហែល៣០០បង្កើតបានជាឆ្អឹងខ្នងដ៏រឹងមាំនៃអ៊ីនធឺណិត ដែលផ្ទុក៩៩%នៃចរាចរទិន្នន័យរបស់ពិភពលោកនាពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here