ដោយៈសុខុម
សិង្ហបុរី: ការលក់ផ្ទះឯកជនថ្មីៗនៅសិង្ហបុរី មានសន្ទុះកើនឡើងខ្ពស់រហូតដល់ទៅ៨២,២%ក្នុងខែកក្កដា ទោះជាបីមានវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩យ៉ាងណាក្ដី ហើយការកើនឡើងនេះកើតមានឡើង ក្រោយពីធ្លាក់ចុះ រយៈពេល៣ខែជាប់គ្នា។
យោងតាមទិន្នន័យដែលបានចេញដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (Urban Redevelopment Authority) កាលពីថ្ងៃច័ន្ទ ទី១៦ សីហា បង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍន៍នានាលក់ផ្ទះ បានរហូតដល់ទៅ១.៥៨៩យូនីតក្នុងខែកក្កដា បើធៀបទៅនឹងចំនួន៨៧២យូនីតដែលលក់បានក្នុងខែមិថុនា ដោយនេះមិនទាន់ទាំងរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) ផងទេ។
ទំហំនៃកំនើននេះបានធ្វើឱ្យខែកក្កដា ក្លាយជាខែដែលលក់ផ្ទះបានច្រើន បំផុតទី២ ប្រចាំឆ្នាំ២០២១ បន្ទាប់ពីផ្ទះចំនួន១.៦៣៣យូនីត បានលក់ដាច់ក្នុងខែមករា ដើមឆ្នាំនេះ។
ការអភិវឌ្ឍលំនៅដ្ឋាននៅតំបន់ជាយក្រុង បានទាក់ទាញអ្នកទិញច្រើនបំផុតនៅក្នុងខែកក្កដា ដោយក្រុមហ៊ុនអភិវឌ្ឍន៍នានា លក់ផ្ទះបានចំនួន១.០១២យូនីតនៅតំបន់ Outside Central Region លក់បាន៤៣៨យូនីតនៅតំបន់ Rest of Central Region និងលក់បាន១៣៩យូនីតនៅតំបន់ Core Central Region។
*ការបារម្ភខ្លាចផ្ទះឡើងថ្លៃខ្ពស់
ក្រុមអ្នកវិភាគបានលើកឡើងថា តម្រូវការខ្ពស់នៅខែកក្កដា ត្រូវបានជំរុញដោយកត្តាផ្សេងៗគ្នា រួមមាន ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ចង់លក់ ដាក់ឱ្យបានច្រើនបន្ថែមទៀតនៅមុនរដូវកាលសែនឆេងម៉េង ចូលមកដល់ ព្រមទាំងអ្នកទិញបារម្ភខ្លាចផ្ទះហក់ឡើងថ្លៃខ្ពស់ផងដែរ។
ការលក់ផ្ទះដែលមានសន្ទុះកើនឡើងខ្ពស់នេះ បានកើតមានឡើយគួរឱ្យសាទរ ទោះបីជារដ្ឋាភិបាល បានដាក់ចេញវិធានការរឹតបន្តឹងនានា ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី២២ ខែកក្កដាយ៉ាងណាក្ដី។
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកសិក្សាស្រាវជ្រាវ និងវិភាគមកពីក្រុមហ៊ុនអចលនទ្រព្យ OrangeTee & Tie’s senior បានលើកឡើងថា “វិធានការរឹតបន្តឹងនានាហាក់មិនធ្វើឱ្យប៉ះពាល់ ដល់ទីផ្សារអចលនទ្រព្យច្រើនឡើយ។ ការលក់បានកើនឡើងក្នុងគម្រោងជាច្រើន នៅពេលអ្នកទិញសម្រុកទិញលំនៅដ្ឋានឯកជន”។
ទន្ទឹមនេះ លោក Ismail Gafoor នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ PropNex Realty ក៏បានលើកឡើងដែរថា “ដំណឹងអំពីហាងឆេងដីឡើងថ្លៃខ្លាំង បានធ្វើឱ្យមនុស្សជាច្រើនដឹងថា តម្លៃផ្ទះនៅថ្ងៃអនាគតទំនងជាហក់ឡើងបន្ថែមទៀត ទើបបានជាពួកគេសម្រុកទិញទាន់តម្លៃនៅល្អ”៕