ដោយៈវ៉ាត វិន
ភ្នំពេញៈ ពន្ធលើអចលនទ្រព្យនៅប្រទេសកម្ពុជា ត្រូវបានបែងចែងជា៤ប្រភេទសំខាន់ៗដូចជា ពន្ធលើអចលនវត្ថុ ពន្ធលើដីទំនេរ(ដីមិនបានប្រើប្រាស់) ពន្ធលើការផ្ទេរអចលនទ្រព្យ និងពន្ធលើការជួល។
ដោយៈវ៉ាត វិន
ភ្នំពេញៈ ពន្ធលើអចលនទ្រព្យនៅប្រទេសកម្ពុជា ត្រូវបានបែងចែងជា៤ប្រភេទសំខាន់ៗដូចជា ពន្ធលើអចលនវត្ថុ ពន្ធលើដីទំនេរ(ដីមិនបានប្រើប្រាស់) ពន្ធលើការផ្ទេរអចលនទ្រព្យ និងពន្ធលើការជួល។
ដូច្នេះក្នុងនាមជាអ្នកលក់ អ្នកទិញ និងម្ចាស់អចលទ្រព្យ អ្នកគួរស្វែងយល់បន្ថែមអំពីពន្ធទាំងនេះ ដើម្បីជាចំណេះដឹងមូលដ្ឋាន ជៀសវាងរាល់ការចំណាយ និងការផាកពិន័យមិនចាំបាច់ផ្សេងៗ។
ពន្ធលើអចលនទ្រព្យ
ពន្ធលើអចលនទ្រព្យសំដៅលើពន្ធដី ផ្ទះ អគារ ឬសំណង់ផ្សេងៗដែលសង់ជាប់ដី ដោយស្ថិតក្នុងទីតាំងជាក់លាក់ណាមួយ ក្នុងតំបន់ទីក្រុង។ ពន្ធនេះចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០១១ ជាមួយនឹងអត្រាពន្ធ០.១ភាគរយ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃលើសពី១០០លានរៀល ឬស្មើនឹង ២៥,០០០ ដុល្លារអាមេរិក។ តម្លៃទីផ្សារអចលនទ្រព្យត្រូវបានវាយតម្លៃ ដោយណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
យ៉ាងណាក៏ដោយ ប្រភេទអចលនទ្រព្យមួយចំនួន ត្រូវបានលើកលែងដូចជា ដីកសិកម្ម ដីរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ អចលនទ្រព្យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងអគារដែលកំពុងសាងសង់ (សាងសង់ក្រោម ៨០%) ហើយដែលមិនទាន់ត្រូវបានប្រើប្រាស់។
ពន្ធលើដីទំនេរ ឬដីមិនបានប្រើប្រាស់
ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងឆ្នាំ១៩៩៥ ត្រូវបានកំណត់លើដីប្រភេទលំនៅដ្ឋាន ដែលគ្មានសំណង់ និងដីដែលមានសំណង់តែត្រូវបានបោះបង់ ដែលស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយណា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។ ពន្ធនេះត្រូវបានកំណត់ក្នុងអត្រា២ភាគរយ ទៅតាមតម្លៃទីផ្សារនៃដីក្នុងមួយម៉ែត្រការ៉េ។
ពន្ធប្រថាប់ត្រា (ពន្ធលើការផ្ទេរអចលនទ្រព្យ)
ពន្ធប្រថាប់ត្រានេះ ត្រូវបានកំណត់ក្នុងអត្រា៤ភាគរយ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ផ្អែកតាមតម្លៃទីផ្សារទិញលក់ និងផ្ទេរកម្មសិទ្ធនៃអចលនទ្រព្យនោះ។ ជាទូទៅពន្ធនេះ គឺជាកាតព្វកិច្ចរបស់អ្នកទិញ ប៉ុន្តែអាចផ្លាស់ប្ដូរបានអាស្រ័យលើកិច្ចសន្យាទិញលក់ ហើយអ្នកជាប់ពន្ធត្រូវបង់ក្នុងអំឡុងពេល ៣ខែក្រោយពីការផ្ទេរកម្មសិទ្ធិ។
ពន្ធលើឈ្នួលអចលនទ្រព្យ
ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានអនុវត្តន៍លើប្រជាជនខ្មែរ និងជនបរទេសដែលជាម្ចាស់នៃអចលនទ្រព្យដាក់ជួល ប៉ុន្តែត្រូវបានកំណត់អត្រាពន្ធកាត់ទុកផ្សេងគ្នា។ ចំពោះប្រជាជនខ្មែរ ត្រូវបង់ពន្ធកាត់ទុកចំនួន១០% ចំណែកជនបរទេសត្រូវបង់ពន្ធ១៤% ពីប្រាក់ចំណូល ដែលពួកគេទទួលបានពីការជួល អចលនទ្រព្យជារៀងរាល់ឆ្នាំ៕
ប្រភព៖ Harbor Property