ដោយៈគង់ សូរិយា
ភ្នំពេញៈ ការដ្ឋានសំណង់បាននិងកំពុងបន្តចាប់ផ្តើមឡើងវិញ ចំនួន៥២៧អាគារ នៅក្រុងព្រះសីហនុ ស្របពេលផែនការអភិវឌ្ឍន៍ទីក្រុងនេះ ជាទីក្រុងពហុបំណងបាននិងកំពុងចាប់ផ្តើម។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខេត្តព្រះសីហនុបានឲ្យដឹងថា គិតរហូតមកទល់ពេលនេះ ខេត្តព្រះសីហនុមានអាគារកំពស់ចាប់ពី៥ជាន់ដល់៥៣ជាន់ មានចំនួនសរុប៦០៤គំរោង ជាមួយគំរោងសរុប១៥៩០គំរោងមានផ្ទៃក្រឡាសំណង់ ជាមួយនឹងទុនវិនិយោគសរុប១៥,១៨៤ ០៧៨ម៉ែត្រការ៉េ និងមានទុនវិនិយោគជាង៨៣៣១លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១នេះ។
ក្នុងចំណោមគំរោងទាំងនេះ គំរោងដែលបានអនុម័តដោយក្រសួងមានចំនួន៤៤២ មានផ្ទៃក្រឡាសំណង់សរុប១៤,០១៦,២៨១ម៉ែត្រការ៉េ មានទុនវិនិយោគជាង៧៧២៧លានដុល្លារអាមេរិក។ សំណង់អនុម័តដោយសមត្ថកិច្ចខេត្ត មាន៣០៨គំរោង មានផ្ទៃក្រឡាសំណង់សរុប៥៧៧ ៥៨០ម៉ែត្រការ៉េ មានទុនវិនិយោគសរុប៣២១,២៧៤,៨៥៧លានដុល្លារអាមេរិក និងសំណង់អនុម័តដោយសមត្ថកិច្ចថ្នាក់ខ័ណ្ឌ ស្រុកចំនួន៨៤០គំរោង មានផ្ទៃក្រឡា២១៩,៥៨៨ម៉ែត្រការ៉េ និងទុនវិនិយោគសរុប៧២,៣៣០,៤០៣លានដុល្លារអាមេរិក។
លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការរីមកចម្រើនវិស័យសេដ្ឋកិច្ចក្នុងខេត្តនេះ នឹងមានភាពល្អប្រសើរឡើងវិញ នៅពេលបញ្ហាកូវីដ១៩ បញ្ចប់នាពេលខាងមុខ ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តបាននិងកំពុងជម្រុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងអនុវត្តន៍តាមវិធានការណ៍ និងគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី។
លោកបន្តថា “យើងរំពឹងថាអ្វីៗនឹងល្អប្រសើរឡើង ខណៈវិស័យសំណង់និងអចលនទ្រព្យក្នុងខេត្តព្រះសីហនុ នៅត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យវិស័យនេះមានភាពរីកចម្រើនលឿនឡើងវិញ”៕