ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការសង្កេតជាក់ស្ដែងឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេសកម្ពុជា បានបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ទោះស្ថិតនៅក្នុងវិបត្តិនៃជំរឺរាតត្បាតកូវីដ១៩ក្ដី។
ប៉ុន្តែបើក្រលេកទៅមើលតាមបុរីមួយចំនួន ដែលសង់រួចរាល់មិនសូវមានអ្នកស្នាក់នៅទេ តែឃើញតែក្រដាសបិទប្រកាសលក់ឬជួលទៅវិញ ដែលសបញ្ជាក់ពីវិបត្តិហិរញ្ញវត្ថុសម្រាប់អ្នកទិញបង់រំលស់។
-->
បើតាមអ្នកជំនាញនៃវិស័យអចលនវត្ថុមួយចំនួនមើលឃើញថា តម្រូវការជាក់ស្ដែងមិនសូវមានទេ តែអ្នកអភិវឌ្ឍបានបន្តសកម្មភាពរបស់ខ្លួន ដើម្បីទុកបំពេញតម្រូវការលំនៅឋាននៅពេលអនាគត គឺនៅពេលចប់វិបត្តិកូវីដ១៩។ យ៉ាងណាក្ដី អ្នកជំនាញអចលនទ្រព្យមួយចំនួនវិញ ក៏បានលើកឡើងថាផលប៉ះពាល់ពីជំងឺកូវីដ១៩ មកវិស័យអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេស ពិតជាមានហើយដែលវាបានរងប៉ះពាល់ ប៉ុន្តែវាស្ថិតនៅលើប្រភេទតម្លៃផ្ទះនីមួយៗ ។
លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើងថា ប្រភេទលំនៅឋានតម្លៃ ក្រោម៥ម៉ឺនដុល្លារអាមេរិក មិនសូវជារងផលប៉ះពាល់ខ្លាំងនោះទេ ពីព្រោះអ្នកទិញលំនៅឋានប្រភេទនេះភាគច្រើន ជាអ្នកធ្វើការជាបុគ្គលិកក្រុមហ៊ុន ហើយពួកគាត់ពឹងផ្អែកលើប្រាក់ខែ។ ដូចយើងបានឃើញហើយថា ទោះបីជាក្រុមហ៊ុនមានបញ្ហាក្ដីតែក្រុមហ៊ុននៅតែបន្តបើកប្រាក់ខែជូនបុគ្គលិក និងមានក្រុមហ៊ុនមួយចំនួនបានកាត់បន្ថយបុគ្គលិក។
លោកឧកញ៉ាបានបន្តថា ដោយឡែកលំនៅឋានតម្លៃពី៥ម៉ឺនដុល្លារអាមេរិកដល់១០ម៉ឺនដុល្លារអាមេរិក គឺមានផលប៉ះពាល់ធ្ងន់ធ្ងរ ពីព្រោះអ្នកទិញផ្ទះប្រភេទនេះ ភាគច្រើនជាអាជីករ ដែលមានអាជីវកម្មលក្ខណៈខ្នាតតូច ហើយបើសិនជាស្ថានភាពកូវីដ១៩កាន់តែរាលដាល ផលប៉ះពាលល់លើអាជីវកម្មរបស់អតិថិជន ក៏នៅតែបន្តដូច្នេះហើយទើបធ្វើឱ្យផលប៉ះពាល់កាន់តែខ្លាំង។
លោកបានលើកឡើងថា បើពិនិត្យជាក់ស្ដែងទៅតម្រូវការលំនៅឋាន ជាក់ស្ដែងមិនសូវជាមានទេ ហើយអ្នកទិញបច្ចុប្បន្ននេះជាអ្នកដែលមានផ្ទះរួចហើយ តែពួកគាត់ទិញដើម្បីវិនិយោគគឺទុកលក់បន្តទៅវិញ ពីព្រោះក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន បានផ្ដល់លក្ខខ័ណ្ឌងាយ ៗដោយរំលស់១០០ភាគរយដល់អតិថិជន ដូច្នេះហើយពួកគេក៏ទិញរំលស់និងប្រកាសលក់ពេលសាងសង់រួចដើម្បីចំណេញ។
ជាមួយគ្នានេះ លោកកែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតក៏បានលើកឡើងផងដែរថា អ្នកទិញលំនៅឋានដែលក្រុមហ៊ុនអភិវឌ្ឍន៍បានអភិវឌ្ឍន៍នៅខេត្តកំពត ភាគច្រើនជាអ្នកភ្នំពេញហើយ ជាអ្នកដែលមានលំនៅឋានរួចហើយ និងទិញដើម្បីវិនិយោគប៉ុណ្ណោះ មិនមែនជាការទិញដើម្បីស្នាក់នៅនោះទេ។
ចំណែកលោកគាម សៀកឡុងប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property ក៏បានឱ្យដឹងថា ការអភិវឌ្ឍលំនៅឋាននៅពេលនេះ វាអាចមិនមែនជាការផ្គត់ផ្គង់នៅពេលបច្ចុប្បន្ន តែជាការផ្គត់ផ្គង់នៅពេលអនាគត។
លោកបន្តថា “ក្រុមអភិវឌ្ឍន៍គេបានដឹងថា ទីផ្សារពិតជាមានផលប៉ះពាល់ តែគេនៅតែបន្តសកម្មភាព អភិវឌ្ឍរបស់ពួកគេ ពីព្រោះបើសិនជាពួកគេបញ្ឈប់ ឬផ្អាកសម្មភាពនោះនឹងធ្វើឱ្យក្រុមហ៊ុនរបស់ពួកគេខូចឈ្មោះ និងត្រូវបានវាយតម្លៃថាក្ស័យធន់ ឬស្មើនឹងដួលរលំ ដូច្នេះយ៉ាងណាក៏អ្នកវិនិយោគធំៗ នៅតែបន្តអភិវឌ្ឍគម្រោងដែលបានគ្រោងទុកដដែល៕