អភិបាលខេត្តៈគំរោងមជ្ឈមណ្ឌលកំសាន្តដ៏ធំជាមួយទុន៥០០លានដុល្លារក្នុងខេត្តកំពង់ស្ពឺនៅបន្តតាមនិតិវិធី

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺបានអះអាងថា គំរោងវិនិយោគរមណីយដ្ឋានធម្មជាតិដ៏ធំរបស់ក្រុមហ៊ុនអន្តរជាតិ នៅទឹកដីស្រុកសំរោងទង និងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនៅតែបន្តទៅមុខ។

លោកវ៉ី សំណាងអភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា គម្រោងវិនិយោគ សាងសង់មជ្ឈមណ្ឌលសួនកម្សាន្តលំដាប់ពិភពលោក និងធំជាងគេនៅក្នុងតំបន់អាស៊ី ដែលមានតម្លៃទុនប្រមាណ ៥០០លានដុល្លារនៅខេត្តកំពង់ស្ពឺ កំពុងបន្តតាមនិតិវិធីនៅឡើយ ដោយគំរោងនេះមិនបានលុបចោលនោះទេ។

លោកបន្តថា “ក្រុមហ៊ុនកំពុងធ្វើការតាមនិតិវិធី ប៉ុន្តែការចាប់ផ្តើមការដ្ឋានសាងសង់មិនទាន់បានដំណើរការនៅឡើយទេ”។

គម្រោងវិនិយោគ នេះនឹងអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ២០៥ហិកតា នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលជាការវិនិយោគរួមទុនចម្រុះជាតិសាសន៍មកពី ៣ប្រទេសរួមមាន ចិន ស្វីស និងសិង្ហបុរី ក្រោមឈ្មោះក្រុមហ៊ុន ចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD)។

គម្រោងវិនិយោគតំបន់ទេសចរណ៍សួនទឹកដ៏ធំ ពុំធ្លាប់មាននៅកម្ពុជានេះ នឹងមានដូចជាមជ្ឈមណ្ឌលកម្សាន្តសួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ ផ្ទះលំហែ រមណីយដ្ឋាន និងសណ្ឋាគារជាដើម។

លោកវ៉ី សំណាងបានបន្តថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុននឹងចំណាយទឹកប្រាក់ចំនួន ២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំជាង១០០ហិកតា។ មកទល់ពេលនេះ គម្រោងវិនិយោគដ៏ធំនេះ យើងបានពិនិត្យ និងវាយតម្លៃបានពី៩០ទៅ ៩៥ភាគរយហើយ។

បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ទាក់ទាញប្រវត្តសាស្ត្រ ធម្មជាតិ អេកូទេសចរណ៍ និងកែច្នៃ ដូចជា វត្តវាំងចាស់ ឬទីក្រុងឧដុង្គ ឧទ្យានជាតិគិរីរម្យ វីគិរីរម្យផាញរីសត (A2A ថោន) ទឹកធ្លាក់ចំបក់ ទឹកធ្លាក់៧ជាន់ ឬទឹកធ្លាក់ជ្រាវ ទេទឹកពុះ និងអំពែភ្នំ ជាដើម៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here