ព្យាករណ៍: តម្លៃលំនៅដ្ឋានក្នុងប្រទេសអូស្ត្រាលី នឹងហក់ឡើងកាន់តែខ្ពស់នៅឆ្នាំ២០២១ និងឆ្នាំ២០២២

0

សុខុម

ស៊ីដនី: ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា តម្លៃផ្ទះនៅប្រទេសអូស្រ្តាលី នឹងហក់ឡើងកាន់តែខ្ពស់សនៅឆ្នាំនេះ និងឆ្នាំក្រោយ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ សីហា នេះឱ្យដឹងថា អត្រាការប្រាក់ទាបមិនធ្លាប់មានសម្រាប់កម្ចីទិញផ្ទះ និងកង្វះនៃផ្គត់ផ្គង់ផ្ទះក្នុងទីផ្សារបានធ្វើឱ្យពលរដ្ឋមានលទ្ធភាពកាន់តែតិចនៅក្នុងការទិញផ្ទះ។

ចាប់តាំងពីវិបត្តិកូវីដ-១៩ ចាប់ផ្ដើមផ្ទុះមក ធនាគារកណ្ដាលអូស្រ្តាលី Reserve Bank of Australia បានទម្លាក់អត្រាការប្រាក់របស់ខ្លួនមកនៅកម្រិតទាបបំផុតមិនធ្លាប់មាន ហើយបានបញ្ចេញសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ជាហេតុជំរុញឱ្យទីផ្សារលំនៅដ្ឋាននៅអូស្ត្រាលី ដែលស្ថិតក្នុងចំណោមទីផ្សារលំនៅដ្ឋានថ្លៃបំផុតរបស់ពិភពលោកកាន់តែឡើងថ្លៃ។

តម្លៃផ្ទះបានហក់ឡើងជិតទ្វេដងនៅទូទាំងប្រទេសអូស្ត្រាលី និងបានហក់ឡើងលើសទ្វេដងនៅក្នុងទីក្រុងធំបំផុត២របស់ប្រទេសនេះ គឺទីក្រុងស៊ីដនី និងមែលប៊ន (Melbourne) ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៧-២០០៩ ប៉ុន្តែអត្រាប្រាក់ឈ្នួលអប្បបរមានៅមានកម្រិតទាបជាងឆ្ងាយណាស់។

លោកស្រី Sarah Hunter ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅ BIS Oxford Economics ដែលជាស្ថាប័នស្រាវជ្រាវ វិភាគ និងព្យាករណ៍ឧស្សាហកម្មឈានមុខគេរបស់ប្រទេសអូស្ត្រាលី បានលើកឡើងថា
“អត្រាការប្រាក់ទាបបំផុតមិនធ្លាប់មាន និងទម្រង់ផ្សេងៗទៀតនៃការគាំទ្រគោលនយោបាយរូបិយវត្ថុបានជំរុញឱ្យអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះធ្លាក់ចុះទាបចាប់តាំងពីវិបត្តិកូវីដ-១៩ ចាប់ផ្ដើមផ្ទុះដំបូង។ កត្តានោះបានធ្វើឱ្យអ្នកទិញផ្ទះមួយចំនួនមានលទ្ធភាពច្រើនជាងមុន”។

ដោយធនាគារកណ្ដាលអូស្រ្តាលី និយាយថា អត្រាការប្រាក់ទំនងជាមិនកើនឡើងពីកម្រិតទាបស្ទើរតែ០%រហូតដល់ឆ្នាំ២០២៤ តម្លៃផ្ទះត្រូវបានព្យាករថានឹងហក់ឡើង១៧,០%នៅឆ្នាំនេះ និង៦,២%នៅឆ្នាំ២០២២។ នេះបើយោងតាមការស្ទង់មតិពីថ្ងៃទី១១-១៨ ខែសីហា ដែលទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើឡើងទៅលើអ្នកវិភាគទីផ្សារអចលនទ្រព្យចំនួន១២រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here