ដោយៈសុខុម
ក្រុងរីយ៉ាដ: មានពាក្យដ៏ចាក់ដោតមួយឃ្លាលើកឡើងថា “អ្នកមានស៊ីរើស អ្នកក្ររើសស៊ី “! ជាការពិតណាស់ វាជាតថភាពឆ្លុះបញ្ចាំងពីសង្គម ដែលប្រទេសខ្លះក្រខ្សត់រកអ្វីបរិភោគសឹងតែមិនបាន ខណៈប្រទេសខ្លះទៀតសម្បូរហូរហៀរ មិនខ្វះអ្វីបរិភោគ ហើយពេលខ្លះថែមទាំងខ្ជះខ្ជាយឱ្យស្ដាយទៀតផង។
តួយ៉ាង ការខ្ជះខ្ជាយចំណីអាហារ កំពុងធ្វើឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមានប្រជាជនត្រឹមតែជាង៣៤លាននាក់ ខាតបង់ថវិកាច្រើនរហូតដល់ទៅ១០,៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ សីហា។
-->

ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរដ្ឋ Saudi Press Agency លោក Abdul Rahman Al-Fadhli រដ្ឋមន្ត្រីកសិកម្ម និងជាប្រធានអង្គការធញ្ញជាតិអារ៉ាប៊ីសាអូឌីត ឬ Saudi Grains Organization បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការបង្កើតយន្តការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយចំណីអាហារ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ទៅលើសុខភាព បរិស្ថាន និងសេដ្ឋកិច្ចផងដែរ។
នៅមុននេះ អង្គការ Saudi Grains Organization បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីលើកកម្ពស់ការកាត់បន្ថយការខ្ជះខ្ជាយចំណីអាហារ ដែលស្របតាមគំនិតផ្តួចផ្តើមផ្លាស់ប្ដូរថ្នាក់ជាតិ។
អារ៉ាប៊ីសាអូឌីត ជាប្រទេសធំបំផុតនៅតំបន់មជ្ឈិមបូព៌ា (Middle East) និងជាប្រទេសធំបំផុតទី២ នៅក្នុងពិភពអារ៉ាប់។ ប្រទេសដែលជាស្ដេចរ៉ែប្រេង និងឧស្ម័នហ្គាសនេះមានព្រំដែនជាប់ជាមួយប្រទេសជាច្រើន ដូចជា ហ្ស៊កដានី អ៊ីរ៉ាក់ កូវែត កាតា បារ៉ែន អារ៉ាប់រួមអេមីរ៉ាត អូម៉ង់ និងយេម៉ែន៕