គម្រោងអភិវឌ្ឍន៍ខុនដូថ្មីៗនៅកម្ពុជាហាក់ស្ងប់ស្ងាត់ ប៉ុន្តែការលក់ខុនដូនៅតែដំណើរការ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ វិបត្តិកូវីដ១៩ នៅតែជាបញ្ហាអូសបន្លាយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាហើយវិស័យជាច្រើន នៅតែរងផលប៉ះពាល់ ជាក់ស្ដែងយោងតាមអ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាមើលឃើញថា ការអភិវឌ្ឍវិស័យខុនដូនៅកម្ពុជា រយៈពេលពីរបីខែចុងក្រោយនេះ មិនមានគម្រោងថ្មីត្រូវសាងសង់នោះឡើយ ពោលគឺនៅតែរក្សាគម្រោងចាស់ៗដដែល។

កញ្ញាគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodiaបានឱ្យដឹងថា សម្រាប់វិស័យខុនដូនៅកម្ពុជា ការទិញលក់នៅតែមានជាហូរហែដែរ នៅក្នុងរយៈពេលថ្មីៗនេះ ប៉ុន្តែសម្រាប់ការសាងសង់ថ្មីៗគឺមានការថមថយចុះ ។

កញ្ញាបន្តថា “ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ គឺផ្ដោតទៅលើអ្នកទិញក្នុងស្រុកច្រើន។ ដូច្នេះវាមានការប្រកួតប្រជែងច្រើន ហើយអ្នកអភិវឌ្ឍន៍ក៏បានរៀបចំជាកម្មវិធីបញ្ចុះតម្លៃនានា ដើម្បីទាក់ទាញអតិថិជន ក្នុងស្រុកទិញគម្រោងខុនដូរបស់ខ្លួន”។

កញ្ញាបានបន្តថា ទោះបីជាប្រជាជនកម្ពុជាចាប់ផ្ដើមងាក ទៅរស់នៅក្នុងខុនដូ និងមានការទិញខុនដូជាហូរហែក្ដី ប៉ុន្តែសម្រាប់ទីផ្សារខុនដូ នៅតែពឹងផ្អែកលើទីផ្សារក្រៅស្រុកដដែល ។ តម្រូវការទីផ្សារក្នុងស្រុក មានកំណើនយឺតយ៉ាវច្រើន ហើយដើម្បីផ្លាស់ប្តូរពីការរស់នៅផ្ទះជាប់ដី ទៅរស់នៅលើខុនដូរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវការពេលវេលាផងដែរ។

កញ្ញាកេសាបានបន្តថា “កាលពីមុនទីផ្សារខុនដូកម្ពុជា ហាក់មានការទិញលក់ច្រើន ជាពិសេសភ្ញៀវក្រៅស្រុក តែចាប់តាំងពីកូវីដ ភ្ញៀវក្រៅ ស្រុកមិនអាចចេញចូលក្រៅប្រទេសបាន ធ្វើឱ្យទីផ្សារលក់ខុនដូត្រូវថយចុះ និងពឹងទៅលើអ្នកក្នុងស្រុក ហើយខុនដូដែលអភិវឌ្ឍន៍នាពេលកន្លងមក ក៏ដើម្បីបំពេញតម្រូវការភ្ញៀវក្រៅស្រុក”។

កញ្ញាបន្តថា មួយរយៈពេលចុងក្រោយនេះ អ្នកអភិវឌ្ឍន៍ខុនដូភាគច្រើននៅកម្ពុជាក៏ជាវិនិយោគិនក្នុងស្រុកដែរ ខណៈគម្រោងមកពីខាងក្រៅ ក៏នៅតែមានតែចំនួនថមថយ ។ អ្នកវិនិយោគក្នុងស្រុក ផ្ដោតលើអ្នកទិញក្នុងស្រុកដូច្នេះ ដែលធ្វើឱ្យអ្នកទិញខុនដូជាជនជាតិខ្មែរបានកើនឡើង រហូតដល់ពី៤០ ទៅ៥០ភាគរយ ក្នុងចំណោមអតិថិជនទិញខុនដូនៅពេលបច្ចុប្បន្ននេះ ។

ជាមួយគ្នានេះ លោករិន ចន្ទរឹទ្ធប្រធានក្រុមហ៊ុនDNZ Realty ក៏បានលើកឡើងពីទីផ្សារខុនដូឆ្នាំ២០២១នេះ ដោយបានថមថយមួយកម្រិត ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ក្នុងសហគមនួ២០កុម្ភៈ២០២១មក ។

លោកបន្តថា “កាលពីមុនផ្ទុះជំងឺក្នុងព្រឹត្តិការណ៍សហគមន៍  អតិថិជនអាចជួបជាមួ​យអ្នកលក់ និងអាចបង្ហាញគម្រោងផ្ទាល់ៗទៅអតិថិជន តែចូលដល់ព្រឹត្តិការណ៍សហគមន៍ ការជួបគ្នាត្រូវបានកាត់បន្ថយ និងធ្វើតាមអនឡាញ និងតាមទូរសព្ទប៉ុណ្ណោះដូច្នេះហើយទើបធ្វើឱ្យការលក់ត្រូវថមថយខ្លះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here