ដោយៈ តារា
ភ្នំពេញៈ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២០ ខែសីហានេះ សាសនាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរួមគ្នាបន្លឺសំឡេងស្គរ និងជូងកងរំពង ដើម្បីឧទ្ទិសឲ្យពិភពលោកបានរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស។
ក្រសួងធម្មការ និងសាសនាបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧មក គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) តែងបានសហការជាមួយក្រសួងធម្មការ មេដឹកនាំសាសនាធំៗនៅកម្ពុជា រៀបចំកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើពិភពលោក ទទួលបានសេចក្តីសុខ ចៀសផុសពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប។
-->
ថ្លែងបើកកម្មវិធីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានផ្អាកការជួបជុំទ្រង់ទ្រាយធំ កាលពីឆ្នាំ២០២០កន្លងទៅ ដើម្បអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហា នៃការរាតត្បាតជំងឺកូវីដ១៩ចូលក្នុងសហគមន៍។ នៅឆ្នាំ២០២១នេះ វិបត្តិកូវីដ១៩ នៅតែបន្តឆ្លងរាតត្បាត ចំណែកការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ក៏កំពុងត្រូវបានជនឆ្លៀតឱកាស ប្រើប្រាស់គ្រប់មធ្យោបាយ ទាញយកផលចំណេញពីស្ថានភាពដ៏លំបាកនេះ ។
សម្ដេចតេជោបញ្ជាក់ថា “រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈដៃម្ខាងរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដៃម្ខាងទៀតប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកលកូវីដ១៩ តាមគ្រប់រូបភាព ទាំងការបង្ការទប់ស្កាត់ ការព្យាបាល និងការស្ដារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ដែលទទួលរងនូវផលប៉ះពាល់”។
សម្ដេចតេជោបន្តថា ដូច្នេះការដាក់ប្រជាពលរដ្ឋ ឬអ្នកត្រឡប់មកពីតំបន់មានហានិភ័យ ឲ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬការបិទខ្ទប់តំបន់ ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬការផ្អាកឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាលនៃការរឹតបន្តឹងវិធានការការពារសុវត្ថិភាព មិនមានន័យថា ជាការបិទសិទ្ធិសេរីភាពឬការរើសអើង ដូចជនអគតិបង្កបញ្ហាមួយក្រុមដែលមាននិន្នាការប្រឆាំងផ្កាប់មុខ បាននិងកំពុងតែឃោសនាមួលបង្កាច់ បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាវិធានការការពារសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីជំងឺឆ្លងរាតត្បាត ប្រកបដោយប្រសិទ្ធភាព។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបន្តថា ទន្ទឹមនេះ បន្ទាប់ពីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិតសម្រេចតាមផែនការជាស្ថាពរ រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តសម្រេចឲ្យបាននូវគោលដៅ ចាក់វ៉ាក់សាំងជូនកុមារ យុវវ័យពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ឲ្យបានមុនដំណាច់ឆ្នាំ២០២១ ដើម្បីបង្កើតភាពសាំ កាត់បន្ថយការចម្លងក្នុងសហគមន៍ ធ្វើឲ្យប្រជាជនយើងមានជីវភាពប្រក្រតីឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
នាឱកាសនេះ សម្ដេចតេជោ ថ្លែងអំណរគុណ ចំពោះស្មារតីសាមគ្គី និងការជួយគ្នាក្នុងគ្រាលំបាក នៃបណ្ដាប្រទេសជាមិត្ត ដែលបានផ្ដល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេសសាធារណប្រជាមានិតចិន ជាប្រទេសឈានមុខគេក្នុងការផ្ដល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងការបញ្ជាទិញ ក៏ដូចជាប្រទេសជប៉ុន អង់គ្លេស និងអាមេរិក ដែលធ្វើឲ្យកម្មវិធីចាក់វ៉ាក់សាំង ប្រព្រឹត្តទៅលឿនជាការគ្រោងទុក។
សម្តេចតេជោក៏បានថ្លែងអំណរគុណ ដល់អង្គការដៃគូរអភិវឌ្ឍអន្តរជាតិ និងស្ថានតំណាងពីប្រទេសនានា ក្នុងសកលលោក ព្រមទាំងវិនិយោគិនបរទេស និងក្នុងស្រុកតែងតែនៅជាមួយកម្ពុជា សហការក្នុងស្ថានភាពដ៏លំបាកនេះ ។ ថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំង ក្រុមគ្រូពេទ្យ និងវិស័យនានា ជួយជ្រោមជ្រែងរាជរដ្ឋាភិបាលដោះស្រាយគ្រប់បញ្ហា និងគ្រប់ដំណាក់កាល ។
សម្ដេចតេជោបានអំពាវនាវជនរួមជាតិនៅបន្តរក្សា និងអនុវត្តនូវគោលការណ៍បង្ការទប់ស្កាត់ និងវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឲ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្ដល់ជូនដោយឥតគិតថ្លៃឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសាំ ចៀសផុតពីការឆ្លងនៃជំងឺរាតត្បាតដ៏កាច់សាហាវនេះ៕