ដោយៈវឌ្ឈនៈ
ភ្នំពេញៈ គម្រោងស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ដែលបើកការដ្ឋានសាងសង់កាលពីចុងខែមិថុនា២០១៨រហូតមកដល់នេះ ត្រឹមថ្ងៃទី២០ សីហា សម្រេចបាន៨០ភាគរយហើយ និងគ្រោងនឹងបញ្ចប់នៅចុងខែមីនា២០២២ ។នេះបើតាមការឲ្យដឹងពីលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

-->
លោកបន្តថា “នៅពេលគម្រោងនេះបានបញ្ចប់ទាំងស្រុង វានឹងអាចកាត់បន្ថយបានការកកស្ទះចរាចរណ៍បាននៅតំបន់នោះបានច្រើន។ ស្ពាននេះទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ២២លានដុល្លាអាមេរិក”។
លោកពិសិដ្ឋបានបន្តថា តាមកម្មវិធីការងារការដ្ឋាននេះ នឹងបញ្ចប់ការសាងសង់នៅចុងខែមីនាឆ្នាំ២០២២ខាងមុខ ខណៈស្ពានអាកាស និងផ្លូវក្រោមដីនេះក៏ត្រូវបានបើកអោយដំណើរជាបណ្តោះអាសន្ន នៃផ្នែកខ្លះហើយដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសដាក់ដំណើរការផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ ជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ហើយក្រោយពីដាក់ឱ្យដំណើរការផ្លូវក្រោមដី ជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្នឃើញថា ស្ថានភាពចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី មានលក្ខណៈល្អប្រសើរ ។ ផ្លូវក្រោមដីនេះ ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត៕