ក្រុមហ៊ុនអាមេរិកបរិច្ចាគឯកសណ្ឋានគ្រូពេទ្យជាង២លានសំរាប់ដល់កម្ពុជាស្របពេលវិបត្តិកូវីដ-១៩

0

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុននៅសហរដ្ឋអាមេរិក Oak Sourcing & Logistics (OSL) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងដឹកជញ្ជូនបានប្រកាស កាលពីថ្ងៃទី៥ ដើមខែសីហា ថា ខ្លួនបានបរិច្ចាគសណ្ឋានគ្រូពេទ្យជាង២លាន សម្រាប់ដល់ប្រទេសកម្ពុជា ដែលមានប្រជាជនប្រមាណជាង១៥លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន PRNewswire។

ការបរិច្ចាគទាំងនេះ ធ្វើឡើងស្របពេលករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងនៅទូទាំងប្រទេស។

យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជាបង្ហាញថា គិតត្រឹមថ្ងៃទី១៩ សីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានករណីឆ្លងសរុប៨៨.២៤២ករណី ករណីឆ្លងថ្មី៥១៩ករណី ករណីជាសះស្បើយសរុប៨៣.៨៥១ករណី (ថ្មី=៥៥៣ករណី) ករណីស្លាប់សរុប១.៧៦២ករណី (ថ្មី=១៥ករណី) ករណីនាំចូលពីក្រៅប្រទេសសរុប១៣.៨០៤ករណី (ថ្មី=១៨៥ករណី)។

លោក Brian Berkenbile នាយកគ្រប់គ្រងក្រុមហ៊ុន OSL មានប្រសាសន៍ថា “យើងរីករាយនឹងបរិច្ចាគឯកសណ្ឋាន ការពារកម្រិតខ្ពស់ (PPE) ដ៏ចាំបាច់ និងដ៏មានសារៈសំខាន់ទាំងនេះដល់ប្រទេសកម្ពុជា ខណៈប្រទេសនេះ កំពុងប្រឹងប្រែងដោះស្រាយការកើនឡើងករណីឆ្លង ករណីឆ្លងធ្ងន់ធ្ងរ និងករណីស្លាប់”។

លោកមានប្រសាសន៍បន្ថែមទៀតថា “ឯកសណ្ឋានគ្រូពេទ្យទាំងនេះ នឹងផ្តល់ជូនមន្ទីរពេទ្យនិងគ្លីនិកនានានូវសុវត្ថិភាពខ្ពស់ជាងមុន សម្រាប់ក្រុមគ្រូពេទ្យ ក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩”។

លោកវេជ្ជបណ្ឌិតស៊ូ ស៊ីផាន់ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TIDA) មានប្រសាសន៍ថា យើងសូមថ្លែងអំណរគុណក្រុមហ៊ុន Oak Sourcing & Logistics យ៉ាងជ្រាលជ្រៅ ចំពោះការបរិច្ចាគប្រកបដោយមនុស្សធម៌ ដល់ប្រទេសរបស់យើង ខណៈយើងកំពុងតែបន្តប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា “ឯកសណ្ឋានគ្រូពេទ្យទាំងនេះ មិនត្រឹមតែជួយឱ្យយើងមានលទ្ធភាព ផ្ដល់ការព្យាបាលកាន់តែប្រសើរ ជូនប្រជាពលរដ្ឋរបស់យើង ដែលកំពុងទទួលរងគ្រោះ ដោយការកើនឡើងនូវការរីករាលដាលវីរុសកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារសុវត្ថិភាព របស់ក្រុមគ្រូពេទ្យយើងផងដែរ ពេលពួកគាត់ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ”។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TIDA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

LEAVE A REPLY

Please enter your comment!
Please enter your name here