ដោយៈសុខុម
សេអ៊ូល: ទិន្នន័យរបស់ទីភ្នាក់ងារគយ បានបង្ហាញនៅថ្ងៃច័ន្ទ ទី២៣ សីហា នេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ក្នុងរយៈពេល២០ថ្ងៃដំបូងនៃខែសីហា នេះបានកើនឡើងខ្ពស់រហូតដល់ទៅ៤០,៩%។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ដែលដកស្រង់ប្រភពពីទភ្នាក់ងារព័ត៌មាន Reuters។
កំណើនខ្ពស់នៅក្នុងការនាំចេញនេះ បានកើតមានឡើង ស្របពេលការនាំចូលក៏បានកើនឡើងខ្ពស់ដល់ទៅ៥២,១% ដែលនាំឱ្យមានឱនភាពពាណិជ្ជកម្ម (ការនាំចូលច្រើនជាងការនាំចេញ) បណ្តោះអាសន្នចំនួន៣,៥១ពាន់លានដុល្លារអាមេរិក។
-->

ក្រុមអ្នកជំនាញលើកឡើងថា កំណើនខ្ពស់នៃការនាំចេញ និងនាំចូលរបស់ប្រទេសនេះឆ្លុះបញ្ចាំងថា វិបត្តិកូវីដ-១៩ នៅទូទាំងពិភពលោកបានបង្ហាញសញ្ញាថមថយ ឆ្ពោះទៅរកភាពស៊ាំក្នុងសហគមន៍ ក្នុងពេលដ៏ខ្លីខាងមុខនេះគួរឱ្យអបអរសាទរ។
ការបំបែកទិន្នន័យបានបង្ហាញថា ការនាំចេញផលិតផលបន្ទះឈីបបានកើនឡើង៣៩,៨% ខណៈការនាំចេញផលិតផលប្រេងកាត បានកើនឡើង៥៥,៣% ហើយការនាំចេញរថយន្តបានកើនឡើង៣៧,០%។
ទិន្នន័យដដែលក៏បានបង្ហាញផងដែរថា ការនាំចេញរបស់ប្រទេសនេះទៅកាន់ប្រទេសចិន បានកើនឡើង៣៧,៣% ខណៈការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង៥០,១% ហើយការនាំចេញទៅកាន់សហភាពអឺរ៉ុប បានកើនឡើង៤២,៧%៕