ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមការងារដ្ឋាភិបាល និងវិស័យឯកជននឹងបើកកិច្ចប្រជុំជាមួយ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគោរពស្នើសុំការអនុម័តពីសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីឈានទៅបើកទទួលភ្ញៀវទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ។
ក្នុងស្មារតីអង្គប្រជុំ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ក្រុមការងាររដ្ឋាភិបាល និងវិស័យឯកជនបានឯកភាព យកសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះ ដាក់ឆ្លងក្នុងកិច្ចប្រជុំរួមគ្នា រវាងគណៈកម្មាធិការគោលនយោបាលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឈានទៅគោរពស្នើសុំការសម្រេច និងអនុម័តយល់ព្រមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីឈានទៅការប្រកាសបើកទទួលទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ។
-->

កិច្ចប្រជុំកាលពីសប្តាហ៍មុន បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការចូលរួមពីឯកឧត្ដមអនុប្រធាន សមាជិក-សមាជិកាក្រុមការងារ និងតំណាងវិស័យឯកជន សរុបប្រមាណ១៣២នាក់។

កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន ការរៀបចំផែនការសកម្មភាពនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន និងការពិភាក្សាលើសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព” ដែលជាឯកសារដ៏មានសារៈសំខាន់ ចាំបាច់ និងចំពេលវេលាសម្រាប់ពិនិត្យលទ្ធភាព ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឱ្យបានឆាប់ទៅរក “ប្រក្រតីភាពថ្មី”នៃសកម្មភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការបើកទទួលទេសចរណ៍សុវត្ថិភា ពនឹងត្រូវធ្វើឡើងតាមដំណាក់កាលជាជំហានៗ ដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាព រវាងសកម្មភាពសេដ្ឋកិច្ច-សង្គម និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” ព្រមទាំងការចាប់យកឱកាសធ្វើកំណែទម្រង់វិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព៕