វៀតណាមពង្រាយទ័ពជួយពង្រឹងការបិទខ្ទប់ក្រុងហូជីម៉ិញ ដោយសារជួបកលយុគ ផ្ទុះការឆ្លងកូវីដ-១៩ខ្លាំង

0

ដោយៈសុខុម

ហាណូយ: ទាហានវៀតណាម ថ្ងៃច័ន្ទ ទី២៣ សីហា នេះត្រូវបានដាក់ពង្រាយតាមដងផ្លូវនានាក្នុងទីក្រុងហូជីមិញ ដើម្បីជួយពង្រឹងការបិទខ្ទប់ នៅក្នុងទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ដែលបានក្លាយជាចំណុចចាប់ផ្ដើម នៃការផ្ទុះឡើងការឆ្លងធ្ងន់ធ្ងរបំផុតអំឡុងវិបត្តិកូវីដ-១៩។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ស្ថានការណ៍ភ័យស្លន់ស្លោ បានផ្ទុះឡើងនៅផ្សារតាមទំនើបនានា ក្នុងទីក្រុងហូជីម៉ិញ ដែលមានប្រជាជនរហូតដល់ទៅ៩លាននាក់នេះ កាលពីចុងសប្តាហ៍កន្លងទៅ មុននឹងមានការបិទខ្ទប់កាន់តែតឹងរ៉ឹង ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ហើយបានហាមឃាត់អ្នកស្រុកមិនឱ្យចេញពីផ្ទះ។

ការចេញវិធានការរឹងបន្តឹង ដ៏តឹងរ៉ឹងបំផុតរបស់វៀតណាម នេះធ្វើឡើងស្របពេលករណីឆ្លង និងករណីស្លាប់ដោយសារវីរុសកូវីដ-១៩ កើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ។

យោងតាមសាក្សី ដែលឃើញហេតុការណ៍ផ្ទាល់ និងរូបថតលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋឱ្យដឹងថា នៅព្រឹកថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ទាហានបានត្រួតពិនិត្យលិខិតអនុញ្ញាតធ្វើដំណើររបស់ពលរដ្ឋនៅតាមដងផ្លូវ និងចុះចែកអំណោយស្បៀងអាហារ។

ទីក្រុងនេះ បានចាប់ផ្តើមរឹតបន្តឹង ការធ្វើដំណើរកាលពីដើមខែមុន ប៉ុន្តែការឆ្លងបានបន្តកើនឡើងខ្លាំង បន្ទាប់ពីអាជ្ញាធរទម្លាយឱ្យដឹងថា ការអនុវត្តវិធានការរឹតបន្តឹងមានភាពធូររលុង។

យោងតាមក្រសួងសុខាភិបាលវៀតណាម ឱ្យដឹងថា ទីក្រុងនេះបានកត់ត្រាករណីឆ្លងសរុបចំនួន១៧៦.០០០ករណី និងករណីស្លាប់ចំនួន៦.៦៧០ករណី។ តួលេខនេះស្មើនឹងពាក់កណ្តាលនៃករណីឆ្លងសរុប និងស្មើ៨០%នៃករណីស្លាប់សរុបទូទាំងប្រទេសជិតខាងររបស់កម្ពុជា មួយនេះ។

ក្រសួងដដែលនិយាយថា ប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានបញ្ជូនក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកចំនួន១៤.៦០០នាក់បន្ថែមទៀតទៅកាន់ទីក្រុងនេះ និងបណ្ដាខេត្តជាប់ទីក្រុងនេះ ដើម្បីជួយទប់ស្ថានការណ៍ឆ្លងកូវីដ-១៩។

ដោយសារមានអ្នកឆ្លងច្រើនពេក និងគ្មានកន្លែងសម្រាប់ទទួលព្យាបាល អ្នកជំងឺស្រាល ឬអ្នកជំងឺដែលគ្មានរោគសញ្ញា ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក និងព្យាបាលនៅផ្ទះដោយខ្លួនឯង។

ប្រជាជននៅសង្កាត់ Phu Nhuan និងសង្កាត់ Go Vap នៃក្រុងហូជីមិញ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ពួកគេទទួលបានអំណោយអង្ករ ត្រីសាច់ និងបន្លែបង្ការ។

រដ្ឋាភិបាលវៀតណាម បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងថា ខ្លួននឹងបញ្ជូនអំណោយអង្ករចំនួន១៣០.០០០តោន ចេញពីឃ្លាំងរដ្ឋទៅកាន់ទីក្រុងហូជីមិញ និងខេត្តក្រុងចំនួន២៣ផ្សេងទៀតដើម្បីចែកជូនពលរដ្ឋ។

បន្ទាប់ពីអាចគ្រប់គ្រងការរីករាលដាលកូវីដ-១៩ បានល្អច្រើនគួរឱ្យសរសើរកាលពីឆ្នាំមុន ប្រទេសវៀតណាម រហូតមកទល់ពេលនេះ មានករណីឆ្លងសរុបចំនួន៣៤៨.០០០ករណី និងករណីស្លាប់យ៉ាងតិច៨.២៧៧ករណី ដែលភាគច្រើនត្រូវបានកត់ត្រានៅក្នុងការផ្ទុះវីរុសបំប្លែងខ្លួនថ្មី Delta ចាប់តាំងពីខែចុងខែមេសា មក។

យោងតាមទិន្នន័យបង្ហាញថា ក្នុងចំណោមពលរដ្ឋសរុប៩៨លាននាក់ របស់ប្រទេ​សវៀតណាម មានពលរដ្ឋតែប្រមាណ១,៨លាននាក់ប៉ុណ្ណោះ ឬស្មើ១,៨%ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយនេះជាអត្រាទាបបំផុតនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here