ក្រុមហ៊ុនអាមេរិកធំមួយJuniper Networks ឈានជើងចូលទីផ្សារកម្ពុជាជាមួយនឹងសេវាអ៊ីនធើណេតល្បឿនលឿននៅកម្ពុជា

0

ដោយៈសុខុម

ភ្នំពេញ: ក្រុមហុនអាមេរិក Juniper Networks ដែលឈានមុខគេផ្នែកបណ្ដាញគ្រប់គ្រងដោយបច្ចេកវិទ្យាAI បានប្រកាសកាលពីថ្ងៃទី២៣ សីហាក្រុមហ៊ុននេះកំពុងសហ​ការជាមួយក្រុមហ៊ុន SINET ដើម្បីពង្រីកសេវាកម្មអ៊ីនធើណេត ល្បឿនលឿននៅកម្ពុជា។

ក្រុមហ៊ុនSINET ជាក្រុមហ៊ុនអ៊ីនធឺណត និងទូរគមនាគមន៍ធំបំផុតមួយនៅកម្ពុជា បានជ្រើសយកJuniper Networks ឱ្យជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្ដាញរបស់ខ្លួនដើម្បីពន្លឿនការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿន សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Wire។

ជាប្រទេសមានសេដ្ឋកិច្ច រីកចម្រើនលឿនបំផុតមួយក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជា កំពុងតែប្រឹងប្រែងធ្វើបដិវត្តន៍ឌីជីថល (Digital Revolution) ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលដែលកំពុងតែរីកចម្រើនខ្លាំង គួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ ជាលទ្ធផលនៃកិច្ចប្រឹងប្រែង ការតភ្ជាប់អ៊ីនធឺណិតចល័ត បានកើនឡើងដល់១២៨,៨%នៃចំនួនប្រជាជនសរុបក្នុងឆ្នាំ២០២១ នេះ។

ខណៈបច្ចុប្បន្នមនុស្សភាគច្រើនប្ដូរទៅធ្វើការងារពីផ្ទះ ឬឆ្លាស់គ្នាដោយធ្វើពីផ្ទះខ្លះ និងធ្វើនៅការិយាល័យខ្លះ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ក្រុមហ៊ុន SINET ផ្ដល់ការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនជូនអតិថិជន ដែលជាក្រុមហ៊ុនសហគ្រាស និងអ្នកប្រើប្រាស់ នៅតាមលំនៅដ្ឋានសម្រាប់ជួយសម្រួល ការប្រជុំតាម Video Conferencing និងការប្រើប្រាស់សេវាកម្ម Streaming Service ឱ្យដើរលឿន និងកាន់តែរលូន។

ដោយមានវត្តមានជិត២០ឆ្នាំនៅកម្ពុជា ក្រុមហ៊ុន SINET បានភ្ជាប់សេវាអ៊ីនធឺណិតជូនអ្នកប្រើប្រាស់ ក៏ដូចជា ក្រុមហ៊ុនសហគ្រាសទូទាំងប្រទេស។ បច្ចុប្បន្នក្រុមហ៊ុននេះដំណើរការបណ្ដាញ តភ្ជាប់អ៊ីនធឺណិតសកម្មជាង២០០កន្លែង ដោយផ្ដល់ការតភ្ជាប់ទៅដល់ក្រុងធំៗ និងទីរួមខេត្ត ព្រមទាំងស្រុក និងភូមិដាច់ស្រយាលផងដែរ ដើម្បីសម្រេចចក្ខុវិស័យភ្ជាប់អ៊ីនធឺណិតទៅគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា។

ក្រុមហ៊ុន SINET បានលើកឡើងថា “យើងមានក្តីរំភើបរីករាយ ក្នុងការពង្រឹងភាពជាដៃគូយូរអង្វែងជាមួយក្រុមហ៊ុន Juniper Networks។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញទាំងនេះ បានផ្ដល់ឱកាសឱ្យយើងទទួលបានជោគជ័យនៅកម្ពុជា ដែលវិស័យឌីជីលកំពុងមានការរីកចម្រើនខ្លាំង”។

ជាមួយនឹងបណ្តាញមានស្ថិរភាព និងសុវត្ថិភាព ដែលផ្ដល់ដោយក្រុមហ៊ុន Juniper Networks យើងនឹងបន្តជួយជំរុញ និងគាំទ្រដល់ដំណើររបស់កម្ពុជា ឆ្ពោះទៅរកគំរូថ្មីនៃកំណើនសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាននៃសេដ្ឋកិច្ចឌីជីថល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here