ព្រមានៈរដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃជាង៣០០ហិកតាមកជាទ្រព្យសម្បត្តិរបស់រដ្ឋ

0

ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃចំនួន២ទីតាំងទំហំជាង ៣១៥,៥ហិកតា នៅក្នុងស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ។

យោងតាមដីការលេខ៥០/២១ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១របស់តុលាកាខេត្តកំពង់ស្ពឺបានសម្រេចបែបនេះ តាមនិតិវិធី។ ដីដែលត្រូវបានដកហូត ទី១ ដីមានទំហំ៣១៣ហិកតា ដែលស្ថិតនៅភូមិត្រពាំងធ្មៀ ឃុំតាសាល នៃស្រុកឱរ៉ាល់ ខណៈទីតាំងទី ២ មានទំហំ២.៥ហិកតា ដែលស្ថិតនៅភូមិពោធិមាស ឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ដូចគ្នា។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ ខែសីហានេះថា ការដកហូតមកធ្វើជាសម្បត្តិរដ្ឋវិញនេះ ធ្វើឡើងព្រោះរដ្ឋមើលឃើញថាមានការកាន់កាប់ដីខុសច្បាប់។ លោកធ្លាប់បានមានប្រសាសន៍ឲ្យដឹងបន្តថា អ្នកទិញដី នៅឧទ្យានជាតិគិរីរម្យ គឺជាការទិញលក់ខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការ​ដកហូតយកមកវិញនាពេលខាងមុខផងដែរ។

លោកបន្តថា “ការទិញលក់ដីព្រៃ ដីឧទ្យានជាតិជាទង្វើខុសច្បាប់ ហើយអាជ្ញាធរកំពុងចុះធ្វើការងារនេះ”។

គិតត្រឹមឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បានដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ។

កាលពីដើមខែកក្កដា ឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ”ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here