ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការអភិវឌ្ឍអចលនទ្រព្យនៅជុំវិញរាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងនោះអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ក៏កំពុងតែបង្ហាញពីគម្រោងរបស់ខ្លួន នៅតំបន់ជុំវិញរាជធានីភ្នំពេញជាពិសេសតំបន់ប៉ែកខាងជើងនិងប៉ែកខាងត្បូង។

-->
តំបន់ទាំងនេះកំពុងមានការអភិវឌ្ឍន៍ស្រដៀងគ្នា ពិសេសតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងលេចឡើង នូវបុរីលំនៅដ្ឋានតម្លៃរាប់លានដុល្លារ ដោយសារកត្តាសំខាន់ៗជាច្រើនរួមមានព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី តំបន់ពាណិជ្ជកម្ម និងទីផ្សារលំនៅដ្ឋានកំពុងឆ្ពោះទៅកាន់តំបន់នេះកាន់តែច្រើន។
លោក សេង សិលា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យC7 ដែលបាននិងកំពុងលក់គំរោងបុរីធំមួយ នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា តំបន់ជុំវិញរាជធានីភ្នំពេញ កំពុងតែបង្ហាញពីសក្ដានុពលគួរឱ្យកត់សម្គាល់ ក្នុងនោះលោកបានមើលឃើញថា តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់វិនិយោគិន ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ។
លោកបន្តថា “បច្ចុប្បន្ននេះ បើយើងក្រលេកមើល ទៅលើការអភិវឌ្ឍនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ តំបន់នេះកំពុងមានការអភិវឌ្ឍយ៉ាងសំបូរបែប ដូចជាសាលាអន្តរជាតិ ក៏ដូចជាក្រុមហ៊ុន អគារធំៗ និងផ្សារទំនើបអ៊ីអន”។
លោកសេង សិលាបានបន្តថា ក្រៅពីនេះ យើងក៏ឃើញ មានការអភិវឌ្ឍផ្លូវជាតិលេខ២ដែលជាគម្រោងរបស់រដ្ឋ និងកំពុងមានការសាងសង់យ៉ាងសស្រាក់សស្រាំ ។ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីធំជាងគេនៅកម្ពុជា និងជាព្រលានយន្តហោះលំដាប់អន្តរជាតិ ក៏មានទីតាំងនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែលធ្វើឱ្យមានការទាក់ទាញសម្រាប់ការអភិវឌ្ឍអចលនទ្រព្យ ។
លោកបន្ថែមថា នៅប៉ែកខាងត្បូងនាពេលនេះ យើងបានមើលឃើញថាក៏កំពុងមានការអភិវឌ្ឍបុរីយ៉ាងច្រើន ហើយមានចាប់ពីកម្រិតមធ្យមឡើងទៅ រហូតដល់បុរីដែលមានលក្ខណៈប្រណីតនិងស៊ីវិល័យ។ កត្តាដែលទាក់ទាញដល់វិនិយោគិន ឆ្ពោះទៅតំបន់ប៉ែកខាងត្បូងនោះគឺផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវដ៏សំខាន់ក្នុងការធ្វើដំណើរនិងដឹកជញ្ជូន ។

ចំណែកអ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateដែលកំពុងទទួលបានការលក់ផ្តាច់មុខលើគំរោងGB Residence តម្លៃ៦២លានដុល្លារអាមេរិក ដែលវិនិយោគលើផ្ទៃដីជិត១០ហិកតាបានមានប្រសាសន៍ថា ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម បានធ្វើឲ្យរាជធានីភ្នំពេញ រីកចម្រើនកាន់តែលឿនពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិបានចាប់យកចំណែកទីផ្សារ និងទាញយកសក្តានុពលនៅតំបន់នេះ។
អ្នកនាងបន្តថា “ជាក់ស្តែងបុរីGB Residenceបាន និងកំពុងចូលរួមលើកស្ទួយការអភិវឌ្ឍនៅតំបន់នេះ ជាមួយសំណង់គុណភាពខ្ពស់ ផាសុខភាព និងរចនាបទបែបស៊ីវិល័យ ដែលធ្វើឲ្យ អ្នករស់នៅទីនេះអាចប្រកបអាជីវកម្មបាន និងអាចទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ”។អ្នកនាងបន្តថា “ការអភិវឌ្ឍនៅតំបន់ក្រវ៉ាត់់ក្រុងទី៣ បាននិងកំពុងប្រែក្លាយតំបន់ដែលជាអតីតវាលស្រែ ទៅជាលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងរស់រវើកនាពេលអនាគត”។
បុរីGB Residence មានចម្ងាយប្រមាណ០៧គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងមានចម្ងាយ១២គីឡូម៉ែត្រ ពីផ្សារទំនើបលំដាប់អន្តរជាតិAEON Mall3និងគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានជាច្រើនទៀតព័ទ្ឋជុំវិញ៕