ក្រុមហ៊ុនផលិតផលប្រេងធម្មជាតិ CBD និងថែរក្សាស្បែកអង់គ្លេសDragonfly Biosciences ឈានជើងចូលទីផ្សារកម្ពុជា

0

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុនអង់គ្លេស Dragonfly Biosciences ដែលជាអ្នកឯកទេសខាងផលិតប្រេងធម្មជាតិCBD សម្រាប់បំប៉នសុខភាព និងផលិតផលថែរក្សាស្បែក បានប្រកាសឈានជើងចូលទីផ្សារកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃទី១៧ សីហា។

ការឈានជើងរបស់ក្រុមហ៊ុននេះ ចូលទីផ្សារកម្ពុជា គឺជាផ្នែកមួយនៃការពង្រីកខ្លួនទូទាំងតំបន់អាស៊ី ដោយហក់ចូលមកទីផ្សារប្រទេសចិន វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី អូស្ត្រាលី និងនូវែសេឡង់ ក្រោយចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនអាជីវកម្មអេឡិចត្រូនិច (E-commerce) ឈ្មោះ eCargo Holdings Limited។

ក្រុមអ្នកជំនាញបានព្យាករថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ និងឆាប់រហ័សនៅពេលដ៏ខ្លីខាងមុខ។ ដោយសារតែបែបនេះទើបប៊្រែន ឬម៉ាកយីហោល្បីៗមកពីប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក សម្រុកហក់ចូលក្នុងតំបន់នេះដើម្បីក្ដោបក្ដាប់ទីផ្សារ។

លោក Regan Saveall នាយកប្រតិបត្តិក្រុមហ៊ុន Dragonfly Biosciences បានថ្លែងថា “យើងពិតជាមានទនភាពណាស់ ក្នុងការពង្រីកខ្លួនទូទាំងពិភពលោក។ ការពង្រី​កខ្លួនរបស់យើងនៅអាស៊ី នឹងនាំមកនូវជោគជ័យធំធេង ទាំងសម្រាប់ប៊្រែនរបស់យើង និងទីផ្សារ”។លោកបន្ថែមទៀតថា “រាល់ផលិតផលប្រេងធម្មជាតិ CBD សម្រាប់បំប៉នសុខភាពបានឆ្លងកាត់ដំណាក់កាលធ្វើតេស្ត និងត្រួតពិនិតគុណភាពយ៉ាងតឹងរ៉ឹង ទាំងនៅក្នុងមន្ទីរពិសោធន៍របស់យើងផ្ទាល់ និងមន្ទីរពិសោធន៍ឯករាជ្យ”។

ការចាប់ដៃគូសហការរវាងក្រុមហ៊ុន Dragonfly Biosciences និងក្រុមហ៊ុន eCargo Holdings Limited គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ធំមួយ ជាមួយក្រុមហ៊ុនចុះបញ្ជីនៅហុងកុង Mellow Asia Limited សម្រាប់ការបើកផ្លូវចូលមកកាន់ទីផ្សារអាស៊ី តាមរយៈការចែកចាយ និងសមត្ថភាពជួញដូរដ៏ទូលំទូលាយ របស់ក្រុមហ៊ុន eCargo Holdings Limited នៅក្នុងតំបន់។

ឧស្សាហកម្មប្រេងធម្មជាតិCBD សម្រាប់បំប៉នសុខភាព កំពុងរីកចម្រើនយ៉ាងរហ័ស និងជាទីផ្សាររីកចម្រើនឆាប់រហ័សបំផុតមួយក្នុងពិភពលោក។

យោងតាមការប៉ាន់ប្រមាណបង្ហាញថា តម្លៃនៃទីផ្សារប្រេងធម្មជាតិ CBD សម្រាប់បំប៉នសុខភាពអាចឈាន ដល់ទំហំទឹកប្រាក់៥,៣ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here