ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ការឌីសាញខុនដូថ្មីមួយ ដែលមានភាពសាមញ្ញ ទំហំបន្ទប់មិនធំពេក មិនបំពាក់សម្ភារៈបរិក្ខាទំនើបពេក ទំនងជាធ្វើឲ្យតម្លៃខុនដូមិនខ្ពស់ពេកនោះទេ ដែលវានឹងឆ្លើយតបនឹងរសនិយមថ្មី របស់ប្រជាជនមានប្រាក់ចំណូលមធ្យមនៅកម្ពុជា។
ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ការឌីសាញខុនដូថ្មីមួយ ដែលមានភាពសាមញ្ញ ទំហំបន្ទប់មិនធំពេក មិនបំពាក់សម្ភារៈបរិក្ខាទំនើបពេក ទំនងជាធ្វើឲ្យតម្លៃខុនដូមិនខ្ពស់ពេកនោះទេ ដែលវានឹងឆ្លើយតបនឹងរសនិយមថ្មី របស់ប្រជាជនមានប្រាក់ចំណូលមធ្យមនៅកម្ពុជា។
អគ្គនាយកទទួលបន្ទុកផ្នែកបច្ចេកទេស នៃក្រុមហ៊ុនលំនៅដ្ឋានL កម្ពុជាភ្នំពេញលោកទុយ ប៊ុន ធ្លាប់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគខុនដូរបស់ក្រុមហ៊ុនលោក ដែលផ្តោតលើប្រជាជនថ្នាក់កណ្តាល ដោយសារហេតុផលចំនួនពីរ ទី១ ទីតាំងរបស់លោក មិនអាចទាក់ទាញអ្នកមានប្រាក់ច្រើន និងទី២ ផ្តោតលើប្រជាជនមានជីវភាពមធ្យម ដែលប្រជាជនក្នុងស្រទាប់នេះ មានចំនួនច្រើនជាងទីផ្សារសម្រាប់អ្នកមានជីវភាពធូរធារ។លោកបន្តថា ខុនដូរបស់លោកបានលក់ចាប់ពីតំលៃ៤ ដល់៨ម៉ឺនដុល្លារអាមេរិកអាស្រ័យលើចំនួនបន្ទប់ និងជាន់និមួយៗ។
លោកបន្តថា “មនុស្សអាចរស់នៅខុនដូច្រើននាពេលអនាគត ប៉ុន្តែវាអាស្រ័យលើទីកន្លែងការងាររបស់ពួកគេផងដែរ ប្រសិនជាការងារពួកគេផ្លាស់ប្តូរ ទៅជាយក្រុងច្រើន ការស្នាក់នៅខុនដូក៏មិនមានចំនួនច្រើនទេ”។ លោកបន្តថា “ក្រុមហ៊ុនបានផ្តល់ការបង់រំលោះនូវលក្ខខ័ណ្ឌសមស្រប ដែលអតិថិជនមានប្រាក់ចំណូលមធ្យម អាចមានលទ្ឋភាពបង់បាន”។
លោកទុយ ប៊ុនបានបន្តថា “ការវិនិយោគខុនដូរបស់យើង ធ្វើឡើងសម្រាប់គ្រួសារតូច ព្រោះបន្ទប់មានទំហំចាប់ពី៣០ម៉ែត្រ ទៅ៥០ម៉ែត្រការ៉េប៉ុណ្ណោះ ដូច្នេះគ្រួសារដែលមានសមាជិកត្រឹម៣នាក់ ជាការសមស្របក្នុងការរស់នៅខុនដូបែបនេះ”។
ជាក់ស្តែងអត្រាមានកូន ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា កាន់តែមានទំហំតូច ដោយការអង្កេតប្រជាសាស្រ្ត និងសុខភាពរបស់ក្រសួងសុខាភិបាលបានរកឃើញថា អត្រាមានកូនក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាមធ្យមបានថយចុះពី៣.0នាក់កាលពីឆ្នាំ២០១០ មកនៅត្រឹម២.៧នាក់នៅឆ្នាំ២០១៤។
ចាប់យកចំណែកទីផ្សារ ប្រជាជនមានប្រាក់ចំណូមមធ្យម ក្រុមហ៊ុនARAKAWAបានវិនិយោគទឹកប្រាក់៧០លានដុល្លារ សាងសង់ខុនដូតម្លៃមធ្យមជាច្រើនអាគារនៅក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌពោធិសែនជ័យផងដែរ។
អ្នកនាងអាន សុធីតាអ្នកជំនាញនិងវិភាគទីផ្សារអចលនទ្រព្យកម្ពុជាបានថ្លែងថា ខុនដូដែលមានទំហំតូចៗ មិនសមស្របសម្រាប់រស់នៅរយៈពេលវែងនោះទេ តែសមស្របសម្រាប់ការរស់នៅសម្រាប់អ្នកមកពីខេត្តមកសិក្សា ហើយអាគារបន្ទប់តូចៗបែបនេះ គេហៅថាអាផាតម៉ិន មិនមែនខុនដូទេ ព្រោះខុនដូសំដៅអាគារមានលក្ខណៈទំនើប និងមានការបំពាក់សម្ភារៈបរិក្ខាទំនើប។អ្នកនាងបន្តថា តំលៃចាប់ពីជាង២ម៉ឺនដុល្លារឡើង សមស្របសម្រាប់ប្រជាពលរដ្ឋថ្នាក់កណ្តាល ដែលជាទីផ្សារធំសំរាប់វិស័យនេះ។
អ្នកនាងបន្តថា “ប្រជាជនថ្នាក់កណ្តាលជាអតិថិជនរបស់អ្នកវិនិយោគខុនដូ ដែលផ្តោតលើក្រុមប្រជាជនលំដាប់នេះ ដែលមានចំនួនច្រើន ហើយពួកគេនឹងរស់នៅខុនដូច្រើន”។អ្នកនាងបន្ថែមថា “ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមវិវត្តន៍ពីរស់នៅតាមផ្ទះល្វែង វីឡាមករស់នៅខុនដូ ដោយសារដីក្នុងទីក្រុងចង្អៀត និងកាន់តែឡើងថ្លៃ និងចរាចរណ៍កាន់តែចង្អៀត”។
ជាមួយគ្នានេះ លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានថ្លែងថា ពេលនិយាយពីខុនដូ ត្រូវមានចំណតរថយន្ត មានសន្តិសុខ សុវត្ថិភាព មានកន្លែងសាធារណៈដែលអាចប្រើប្រាស់រួម មានអាងហែលទឹក និងកន្លែងហាត់ប្រាណផ្សេងៗ តែបើមិនមានសេវាទាំងនេះ ប្រៀបបីដូចជាយកស្រាសដាក់ក្នុងកំប៉ុងប៊ឺយ៉ែរ។
លោកបន្តថា “បើសាងសង់ខុនដូ មិនមានសេវាទាំងអស់នេះទេ ហើយបន្ទប់មានទំហំត្រឹម១៦ម៉ែត្រការ៉េ គឺជាបន្ទប់សម្រាប់លក់មិនមែនខុនដូទេ កុំយកពាក្យខុនដូមកប្រើ នាំឲ្យខូចកេរ្ត៍ឈ្មោះខុនដូរបស់គេ”។
លោកបន្តថា “ខុនដូដែលមានទំំហំ៣០ម៉ែត្រការ៉េ ទៅជាការសមរម្យ ហើយលក់ក្នុងតំលៃចន្លោះពី៤ទៅ៦ម៉ឺនដុល្លារអាចទទួលយកបានហើយ”៕