ដោយៈវឌ្ឍនៈ
ភ្នំពេញៈ លោកបណ្ឌិតឧកញ៉ាគីម ហ៊ាង ចាត់ទុកជាអ្នកជោគជ័យ ក្នុងវិស័យអចលនវត្ថុមួយរូបនៅកម្ពុជា និងបានប្រែក្លាយរូបលោកនិស្សិតស្នាក់ នៅវត្តនិងជាគ្រូបង្រៀនក្លាយជាអ្នកជំនួញអចលនទ្រព្យមួយរូប ដែលមានប្រជាប្រិយនៅកម្ពុជា។
លោកបានបង្ហើបពីគន្លឹះ ដែលអាចក្លាយជាអ្នកមាន គឺត្រូវមានជំនាញម្យ៉ាងគឺជំនាញលក់។ តើជំនាញលក់ដែលអ្នកជំនួញរូបនេះ បង្ហើបប្រាប់នេះផ្ដោតលើអ្វីខ្លះ?។
-->
លោកបណ្ឌិតឧកញ៉ាគីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ថា នៅក្នុងមហាវិទ្យាល័យនានា មានបង្រៀនជំនាញច្រើន ប៉ុន្តែជំនាញសំខាន់ជាងគេសម្រាប់ក្លាយជាអ្នកមានគឺ ជំនាញលក់ ហើយគេក៏និយាយថាចេះលក់ ទើបអាចក្លាយជាអ្នកមានបាន ។
លោកឧកញ៉ាបន្តថា “នៅក្នុងក្រុមហ៊ុនមួយ មានច្រើនផ្នែក ដូចជាផ្នែកគណនេយ្យ ផ្នែកសេវាកម្ម ហើយបើទោះបីជាក្រុមហ៊ុននោះ មានផ្នែកទាំងអស់ល្អទាំងអស់តែអត់មានអ្នកជំនាញលក់ក្រុមហ៊ុន ក៏មិនអាចរីកចម្រើនបានដែរ ដូច្នេះត្រូវការអ្នកជំនាញលក់ដ៏ពូកែដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុន។ មិនខុសគ្នានោះទេ ប្រសិនបើអ្នកណាក៏ដោយចង់ក្លាយជាអ្នកមានគឺត្រូវមានជំនាញលក់ពូកែ”។
លោកឧកញ៉ាបន្ថែមថា មនុស្សជាច្រើនបានប្រកាសក្ដែងៗថា ខ្លួនជាមនុស្សពូកែលក់ណាស់ហើយ មានសញ្ញាបត្រធំៗផ្នែកលក់ទៀតផងដែរ តែអ្វីដែលយើងចង់ឃើញគឺលទ្ធផលមិនមែនសញ្ញាបត្រ ឬការនិយាយនោះទេ។ អ្នកលក់ពូកែជាអ្នកដែលលក់គម្រោងបានច្រើន និងបានលុយត្រលប់មកវិញច្រើន មិនមែនជាអ្នកដែលពូកែនិយាយខាងផ្នែកលក់ទេ។
លោកបណ្ឌិតថា “នៅសាលាគេបង្រៀនច្រើន មកហើយពីជំនាញផ្សេងៗ រាប់ទាំងជំនាញលក់ផងដែរ ប៉ុន្តែគេបង្រៀនខាងទ្រឹស្ដី ដូច្នេះយើងត្រូវយកទ្រឹស្តីនោះមកអនុវត្តន៍ជាក់ស្ដែង”។
លោកបន្ថែមថា ដើម្បីឱ្យការលក់របស់យើងបានលទ្ធផលល្អ ទី១ ត្រូវស្គាល់គុណប្រយោជន៍ និងគុណតម្លៃនៃផលិតផលរបស់យើងជាមុនសិន។ តែបើសិនជាយើងមិនស្គាល់ពីគុណតម្លៃ និងផលប្រយោជន៍ នៃរបស់ដែលយើងលក់នោះទេ យើងលក់ប៉ុនណាក៏មិនដាច់ដែរ ជាក់ស្ដែងការលក់ឡាន បើសិនជាយើងមិនស្គាល់ឡានផង ទៅលក់យ៉ាងម៉េច។ លក់ខុនដូ លក់ផ្ទះហើយមិនស្គាល់ពីផ្ទះ ឬខុនដូ តើលក់យ៉ាងម៉េច។
ទី២ យើងត្រូវស្គាល់ពីអ្នកទិញ ដែលផ្ដោតទៅលើស្គាល់អ្នកណា ដែលមានលុយហើយចង់ទិញ កុំទៅចរចាជាមួយអ្នកអត់លុយហើយចង់ទិញ ទី៣ ស្គាល់ពីសមត្ថភាពខ្លួនឯង ចំនុចនេះគឺត្រូវចេះអភិវឌ្ឍន៍ខ្លួនឯងឱ្យខ្លាំង បើយើងចង់លក់អចលនទ្រព្យឬរបស់តម្លៃរាប់លានដុល្លារ តែក្នុងហ្វេសប៊ុកយើងសុទ្ធ តែអ្នកគីឡូប្រហែលគ្នា សុទ្ធតែក្មេងស្ទាវតើទៅលក់ឱ្យអ្នកណា។ ចំនុចសំខាន់មួយទៀត ត្រូវស្គាល់ដៃគូរប្រកួតប្រជែងរបស់យើងឱ្យច្បាស់ ៕