ដោយៈសុខុម
ក្រុងព្រីតូរីយ៉ា: អត្រាគ្មានការងារធ្វើនៅប្រទេសអាហ្វ្រិកខាងត្បូង បានហក់កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងចំណោម៨២ប្រទេសដែលឃ្លាំមើល និងស្រង់ទិន្នន័យដោយសារព័ត៌មាន Bloomberg។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៤ សីហា។
យោងតាមរបាយការណ៍ ដែលវិទ្យាស្ថានជាតិស្ថិតិរបស់អាហ្វ្រិកខាងត្បូង បានបញ្ចេញពីថ្ងៃអង្គារបានបង្ហាញថា អត្រាគ្មានការងារធ្វើ បានកើនឡើងដល់៣៤,៤%នៅក្នុងត្រីមាសទី២ បើធៀបនឹង៣២,៦%ក្នុងត្រីមាសទី១។
-->

អត្រាគ្មានការងារធ្វើនេះ ទំនងជាកើនឡើងកាន់តែខ្ពស់នៅត្រីមាសទី៣ ដោយសាររដ្ឋាភិបាលបានចេញវិធានការរឹតបន្តឹង ការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ខណៈពេលប្រទេសនេះ កំពុងប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩ រលកទី៣ ដែលធ្វើឱ្យរាំងស្ទះ ដល់កិច្ចប្រឹងប្រែងស្ដារឡើងវិញនូវសេដ្ឋកិច្ច ដែលបានដាំក្បាលចុះ៧%កាលពីឆ្នាំមុន។

ទន្ទឹមនេះ ក៏មានករណីផ្ទុះកុបកម្មដ៏កក្រើកមួយកាលពីខែកក្កដា នៅក្នុងខេត្ត Gauteng និងខេត្ត KwaZulu-Natal ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗផងដែរ។ កុបកម្មនេះ បានបណ្ដាលឱ្យមនុស្ស៣៥៤នាក់បាត់បង់ជីវិត ហើយអាជីវកម្មរាប់ពាន់កន្លែងត្រូវបានចោរចូលលួច និងបិទទ្វារ។ ស្ថានការណ៍ចលាចលនេះ បានធ្វើឱ្យកាតខាតបង់គិតជាទឹកប្រាក់ រហូតដល់ទៅ៣,៣ពាន់លានដុល្លារ និងធ្វើឱ្យការងារយ៉ាងតិច១៥០.០០០កន្លែងប្រឈមនឹងការបាត់បង់។ នេះបើយោងតាមការឱ្យដឹងពីសមាគមម្ចាស់អចលនទ្រព្យអាហ្វ្រិកខាងត្បូង។
អត្រាគ្មានការងារធ្វើក្នុងសេដ្ឋកិច្ច ឧស្សាហកម្មនៅអាហ្វ្រិក បានរក្សាកម្រិតខ្ពស់លើស២០% រយៈពេលយ៉ាងហោចណាស់២ទសវត្សរ៍មកហើយ ទោះបីជាទិន្នផលសេដ្ឋកិច្ចបានកើនឡើង៥% ឬច្រើនជាងនេះ ក្នុងមួយឆ្នាំនៅដើមទសវត្សរ៍ឆ្នាំ២០០០ ក៏ដោយ។
*តួលេខបាត់បង់ការងារតាមវិស័យសំខាន់ៗ៖
ឧស្សាហកម្មហិរញ្ញវត្ថុបាត់បង់ការងារចំនួន២៧៨.០០០កន្លែង
សេវាកម្មសង្គម សហគមន៍បាត់បង់ការងារចំនួន១៦៦.០០០កន្លែង
ផលិតកម្មបាត់បង់ការងារចំនួន៨៣.០០០កន្លែង
សំណង់បាត់បង់ការងារចំនួន១៤៣.០០០កន្លែងបន្ថែមទៀត
កសិកម្មបាតបង់ការងារចំនួន៦៩.០០០កន្លែងបន្ថែមទៀត៕