រដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយវ៉ាក់សាំងកូវីដ១៩ដូសជំរុញ ដើម្បីកាត់ផ្ដាច់ការឆ្លងក្នុងសហគមន៍

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ដើម្បីកាត់ផ្ដាច់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ រាជរដ្ឋាភិបាលកម្ពុជា បានស្រេចដាក់ចេញនូវគោលនយោបាយ វ៉ាក់សាំងកូវីដ១៩ ដូសជំរុញសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៥ សីហា២០២១នេះថា រាជរដ្ឋាភិបាលបានចាត់ទុកគោនយោបាយ ចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទី១សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចចាដើម្បីបង្កើតឱ្យបាននូវភាពស៊ាំ ក្នុងសហគមន៍ទប់ទបស់នឹងមេរោគកូវីដ១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិ ពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពជាថ្មី។

គិតរហូតមកដល់ពេលនេះ យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត សម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើ​រ ដែលមានប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួនប្រមាណ៨៨ភាគរយធៀបនឹងគោលដៅចំនួន១០លាននាក់  ហើយកុមារនិងយុវជនអាយុចាប់ពី១២ឆ្នាំទៅ ក្រោម១៨ឆ្នាំចំនួនប្រមាណ៥៦ភាគរយ ធៀបនឹងគោលដៅចំនួនប្រមាណជិត២លាននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ។

សេចក្ដីប្រកាសដដែលឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ១៩បានឆាប់រហ័ស និងទាន់ពេលវេលា បានជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជាជាច្រើន តាមរយៈការកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ១៩ និងបានបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយ ដែលបណ្ដាលមកពីជំងឺកូវីដ១៩នេះ ព្រមតាំងធ្វើឱ្យសភាពការណ៍ បច្ចុប្បន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រង។

ប៉ុន្តែការរកឃើញជាបន្តបន្ទាប់ ក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីដែលតា បាននាំមកនូវបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយសារមេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពចម្លងលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាងបាន ។

ផ្អែកលើវឌ្ឍនផាពដ៏ប្រសើរនេះ និងដោយសារតែមានការគាំទ្រ និងចូលរួមយ៉ាងសកម្ម និងទូលំទូលាយពីសំនាក់ប្រជាជននៅគ្រប់មជ្ឈដ្ឋាន យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១នេះ ត្រូវបានរំពឹងថានឹងអាចបញ្ចប់នូវចុងខែតុលា ឬដើមខែវិច្ឆិកា ២០២១ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក ហើយនឹងអាចបើកដំណើរការសេដ្ឋកិច្ចទូលំទូលាយឡើងវិញបានឆាប់ៗផងដែរ។

វិនិយោគិន ធុរជន និងអាជីវករកម្ពុជាជាច្រើនក៏បានរំពឹងថា ក្រោយពេលរដ្ឋាភិបាលកម្ពុជាចាក់វ៉ាក់សាំង បានកាន់តែច្រើននិងគ្រប់គ្នានោះ នឹងធ្វើឱ្យដំណើរការអាជីវកម្មពាណិជ្ជកម្ម និងសកម្មភាពវិនិយោគរបស់ពួកគេត្រលប់មកប្រក្រតីឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here