Hattha top Banner

រដ្ឋាភិបាលអនុម័តទុនវិនិយោគប្រមាណ៨០លានដុល្លារក្នុងរយៈពេលជាងបីសប្តាហ៍

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ នៅក្នុងខែសីហា២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១២ គិតជាទឹកប្រាក់ជិត៨០លានដុល្លារអាមេរិក និងបានផ្ដល់កំលាំងពលកម្ម ដល់ពលរដ្ឋកម្ពុជាជាច្រើននាក់ផងដែរ ។ នេះបើយោងតាមសេចកក្តីប្រកា​សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយជាបន្តបន្ទាប់នៅក្នុងខែសីហានេះ។

គម្រោងវិនិយោគទាំង១២ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចុះបញ្ជីវិនិយោគជាផ្លូវការរួមមាន ទី១ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង ស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក បង្កើតការងារបានចំនួន ៧៥នាក់។

ទី២ គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុ​ភាព៥មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ៤,៧លានដុល្លារអាមេរិក បង្កើតការងារបានចំនួន៥៤នាក់។ ទី៣ គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនី ដើរដោយប្រេងខ្មៅ អានុភាព២៣មេហ្កាវ៉ាត់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៥លានដុល្លារអាមេរិកផ្ដល់ការងារ៤៦នាក់។

ទី៤ គម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ៩,១លានដុល្លារអាមេរិក ផ្ដល់ការងារ៧២នាក់។ ទី៥. គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ  ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១១,១លានដុល្លារអាមេរិក ផ្ដល់ការងារ ៩២នាក់។

ទី៦ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក បង្កើតការងារ១៥៤នាក់ ទី៧. គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេ​មក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧៤នាក់។

ទី៨.គម្រោងរោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិក ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។ ទី៩- គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៦កន្លែង។

ទី១០ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់សុវត្ថិភាព ផលិតកាបូប និងឧបករណ៍សម្ភារៈសម្រាប់បោះជំរំគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២១កន្លែង។ ទី១១ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤០៣កន្លែង។

ទី១២ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូ​ប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៧១កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here