ដោយៈសុខុម
ភ្នំពេញ: ក្រុមហ៊ុនផលិតទឹកដោះគោស្រស់ Vinamilk មានមហិច្ឆតាបន្តពង្រីកខ្លួនទូទាំងពិភពលោក ដើម្បីបម្រើសេចក្ដីត្រូវការក្នុងទីផ្សារអន្តរជាតិ ឱ្យបានកាន់តែច្រើន ដោយក្នុងនោះរួមទាំងទីផ្សារកម្ពុជាផងដែរ។ នេះបើយោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃទី២៣ សីហា។
Vinamilk ដែលជាក្រុមហ៊ុនផលិតទឹកដោះគោស្រស់ធំបំផុត នៅប្រទេសវៀតណាម បានប្រកាសការបណ្ដាក់ទុនរួមគ្នាជាមួយ Del Monte ដែលជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលចំណីអាហារ & ភេសជ្ជៈឈានមុខគេនៅប្រទេសហ្វីលីពីន។
-->

ក្រុមហ៊ុននេះនិយាយថា ការបណ្ដាក់ទុនរួមគ្នា ក្នុងឧស្សាហកម្មផលិតទឹកដោះគោស្រស់នេះ ដើម្បីធានាផ្ដល់ជូនអតិថិជនហ្វីលីពីន នូវផលិតផលទឹកដោះគោស្រស់ និងភេសជ្ជៈដែលមានផលល្អ សម្រាប់សុខភាពជាមួយរសជាតិឆ្ងាញ់ ហើយតម្លៃសមរម្យ។ តាមការរំពឹងទុក ផលិតផលរបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាខាងលើនេះ នឹងទៅដល់ដៃអតិថិជនហ្វីលីពីន នៅខែកញ្ញា ឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ។
ក្រុមហ៊ុន Vinamilk មានរោងចក្រចំនួន៣កន្លែង នៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិក នូវែលសេឡង់ និងកម្ពុជា ព្រមទាំងកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះមួយនៅប្រទេសឡាវផងដែរ។ តាមការរំពឹងទុក ដំណាក់កាលសាងសង់ទី១ នៃកសិដ្ឋានចិញ្ចឹមគោ៨.០០០ក្បាល ដែលអាចផលិតទឹកដោះ បានប្រមាណ៤៤.០០០តោនក្នុងមួយឆ្នាំៗនេះ អាចនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី១ ដើមឆ្នាំ២០២២។
បង្កើតឡើងក្នុងឆ្នាំ១៩៧៦ បច្ចុប្បន្នក្រុមហ៊ុន Vinamilk មានរោងចក្រសរុបចំនួន១៦កន្លែង និងកសិដ្ឋានចិញ្ចឹមគោចំនួន១៣កន្លែង នៅប្រទេសវៀតណាម និងនៅបរទេស៕