ដោយៈវឌ្ឍនៈ
កែបៈ រដ្ឋបាលខេត្តកែបបានអភិវឌ្ឍន៍ គម្រោងមួយចំនួននៅកោះទន្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅសម្រាកកម្សាន្ត ជាក់ស្ដែងក្រោមកម្ចីរបស់ធនាគារADB រដ្ឋបាលខេត្តកែប គ្រោងនឹងបើកការដ្ឋានសាងសង់ កំពង់ផែទេសចរណ៍មួយនៅចុងឆ្នាំ២០២១នេះ មានទឹកប្រាក់ប្រមាណ១,៦លានដុល្លារអាមេរិក។
លោកវ៉ៅ សុខា អភិបាលរងខេត្តកែបបានមានប្រសាសន៍ឱ្យដឹងថា គម្រោងសាងសង់កំពង់ផែថ្មីនេះ ស្ថិតនៅសង្កាត់កែប ក្រុងកែប ខេត្តកែប ដែលគ្រោងនឹងបើកការដ្ឋានសាងស់ង នៅអំឡុងខែតុលា២០២១នេះ ហើយគម្រោងគឺទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) ។
លោកបន្តថា ក្នុងពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍គម្រោងចំនួន៤រួមមាន ១ អាប្រព្រឹត្តិកម្ម ទី២ ទីលានចាក់សំរាមស្ដង់ដារ ហើយគម្រោងទាំងពីរបានសាងសង់ និងកំពុងដំណើរការជិតរួចរាល់ហើយផងដែរ។ ទី៣ គម្រោងផ្លូវប្របមាត់សមុទ្រ មានប្រវែងជាង១០គីឡូម៉ែត្រ ទី៤ គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ ហើយគម្រោងទីពីរនេះ គ្រោងនឹងសាងសង់នៅចុងឆ្នាំនេះដូចគ្នា ។
លោកបន្តថា “គម្រោងទាំង៤ ដែលទទួលបានហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី មានទឹកប្រាក់សរុបចំនយន៣០លានដុល្លារអាមេរិក”។
នៅក្នុងរយៈពេលចុងក្រោយនេះ ខេត្តកែបក៏ទទួលបាននូវការអារម្មណ៍ពីសំណាក់វិនិយោគិន ក្នុងស្រុកក្នុងការអភិវឌ្ឍដីធ្លីផងដែរ ដោយមានវិនិយោគិនជាច្រើន បានស្វែងរកទិញដីធ្លីនៅក្នុងទឹកដីខេត្តកែប ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ដើម្បីទុកអភិវឌ្ឍន៍នៅពេលអនាគត ហើយខ្លះទិញទុកដើម្បីចំនេញ នៅពេលមានការអភិវឌ្ឍនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ។
ក្រៅពីនោះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកែបក៏ទទួលបានការអភិវឌ្ឍអចលនទ្រព្យពីសំណាក់វិនិយោគិនក្នុងស្រុក និងបរទេសទៅលើវិស័យសណ្ឋាគារ រីសត ផ្ទះសំណាក់ជាដើម ខណៈភ្ញៀវទេសចរទៅលេងខេត្តមួយនេះ ក៏កាន់តែមានចំនួនច្រើនឡើងៗផងដែរ៕