ដោយៈសុជាតា
ភ្នំពេញៈ ជាមួយនឹងការបង្កើតក្រុមហ៊ុនរកស៊ីខ្លួនឯង និងភ្នាក់ងារលក់ជាន់ខ្ពស់ថែមទៀត អ្នកស្រី កែវ សុចិន្តាបានលើកឡើងថា ការផ្តល់ប្រឹក្សាយោបល់របស់អ្នកមានបទពិសោធន៍ជោគជ័យ និងក្រុមគ្រួសារ បានធ្វើអោយអ្នកស្រីមានកំលាំងទឹកចិត្ត សម្រាប់ដោះស្រាយបញ្ហាលំបាកដែលកើតឡើងចំពោះមុខ។

-->
អគ្គនាយិកាក្រុមហ៊ុន សេវាកម្មបង់ពន្ធអាករ Emerald Agency Limited រូបនេះ បានលើកឡើងថា ចាប់តាំងពី ឆ្នាំ២០១៥ ដោយសារតែចំណេះដឹង និងបទពិសោធន៍ការងារទាក់ទងពន្ធដារ ទើបធ្វើអោយអ្នកស្រីសម្រេចចិត្ត បើកក្រុមហ៊ុនមួយផ្ទាល់ខ្លួនខាងផ្នែកពន្ធដារនេះដែលជា សេវាកម្មចាំបាច់របស់ទីផ្សារការងារបច្ចុប្បន្ន។
អ្នកស្រីបន្តថា បើទោះបីជាបញ្ហាCovid 19 បានធ្វើអោយប៉ះពាល់ដល់វិស័យបដិសណ្ឋាកិច្ច និងសណ្ឋាគារក៏ដោយ ក៏ប៉ុន្តែការពិគ្រោះយោបល់ខាងពន្ធដារ នៅតែមានទីផ្សារជានិច្ច ។ដោយសារមានលក្ខណៈចាំបាច់ ក្នុងការបង់ពន្ធជួនរដ្ឋឱ្យបានត្រឹមត្រូវ និងឱ្យមានប្រសិទ្ធភាព ដូចដែលអ្នកស្រីកែវ សុចិន្តាលើកឡើង Emerald Agency Limited ត្រូវបានបង្កើតឡើយ ដើម្បីដោះស្រាយបញ្ហាបង់ពន្ធដា ររបស់ក្រុមហ៊ុនទាំងឡាយ មិនថាក្រុមហ៊ុនជាតិក្តីឬក្រុមហ៊ុនវិនិយោគអន្តរជាតិក្តី។
អ្នកស្រី កែវ សុចិន្តាបានលើកឡើងថា ការបើកមុខជំនួញ គឺជាការបង្កើតឱកាសដល់ខ្លួនឯង នឹងការចែករំលែកដល់អ្នកដទៃ ការដែលបើកក្រុមហ៊ុននេះឡើង គឺដើម្បីដោះស្រាយបញ្ហារបស់សង្គម និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិថែមទៀតផង។
ក្រៅពីបង្កើតមុខរបរជាអ្នកពិគ្រោះយោបល់ខាងពន្ធដារ អ្នកស្រីក៏ជាភ្នាក់ដារលក់ជាន់ខ្ពស់នៅក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិត AIAផងដែរ៕