ដោយៈគង់ សូរិយា
កំពតៈ អភិបាលខេត្តកំពត លោកជាវ តាយបានសម្រេចជ្រើសរើសតំបន់ត្រើយកោះ ស្ថិតនៅទល់មុខទីក្រុងកំពត ជាតំបន់អភិវឌ្ឍន៍បៃតង ដើម្បីលើកកំពស់ការអភិវឌ្ឍនិងទាក់ទាញភ្ញៀវទេសចរណ៍។
ក្នុងពេលចុះពិនិត្យផែនការនេះ កាលពីរសៀលថ្ងៃទី២៥ សីហាកន្លងមកនេះ លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា គោលដៅការអភិវឌ្ឍន៍តំបន់បៃតង នៃតំបន់នេះ ដោយសារទីតាំងនេះ មានទេសភាពស្អាតមានការទាក់ទាញទេសចរណ៍ ក៏ដូចជាការបម្រើដល់ការកម្សាន្តលំហែកាយ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របទៅនឹងសម័យកាលបច្ចុប្បន្ន ដែលរដ្ឋបាល និងប្រជាពលរដ្ឋទាមទារការអភិវឌ្ឍន៍ជាសំខាន់ ហើយការអភិវឌ្ឍន៍នោះទៀតសោត ត្រូវធានាដល់និរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ជាទូទៅឲ្យបានច្រើនបំផុតផង។
លោកបន្តថា “អាជ្ញាធរជំនាញ និងប្រជាពលរដ្ឋ ត្រូវរួមសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឍនេះ ក្លាយជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងបានបម្រើប្រជាពលរដ្ឋ ឱ្យទទួលបានជោគជ័យ”។
លោកអភិបាលខេត្តបានដាក់គោលដៅ ចំនួនបីដូចជា ទី ១-ការពិនិត្យទីតាំងនិងជំរុញការសិក្សា នៃគម្រោងអភិវឌ្ឍន៍តំបន់បៃតងមួយកន្លែង ជាប់មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ទី២-ការពិនិត្យលទ្ធផល និងជំរុញល្បឿនសំណង់ស្ពានបេតុងត្រើយកោះ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន។
ទី៣-ការជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលកំពុងរស់នៅលើដីចំណីព្រែក ក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដែលបានសំណូមពរ ដល់មន្ត្រីជំនាញ ក៏ដូចជារដ្ឋបាលខេត្ត ជួយផ្ដល់ចេញប្លង់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់៕