មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលមានភាពខុសគ្នាដូចម្តេច?

0

ដោយៈម៉ាលីនណា

ភ្នំពេញៈ ចំណេះដឹងផ្សារមូលបត្រកម្ពុជា កាន់តែរីកសាយដែលបង្កើនការយល់ដឹង​ដល់មនុស្សកាន់តែច្រើន តែមនុស្សមួយចំនួនក៏នៅមានភាពស្រពេញស្រពិលផងដែរ។

តើអ្វីជា? មូលបត្រ គឺជាកិច្ចសន្យាហិរញ្ញវត្ថុដែលអាចជួញដូរបាន។ កិច្ចសន្យានេះបញ្ជាក់ពីកម្មសិទ្ធិបំណុល ឬសិទ្ធិ/កាតព្វកិច្ចក្នុងការទិញ/លក់ ជាដើម។ ក្នុងនោះមូលបត្រចែកចេញជាពីរ គឺមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។

ទី១ មូលបត្រកម្មសិទ្ធិ
មូលបត្រកម្មសិទ្ឋ សំដៅដល់ផលិតផល​ទ្រព្យកម្មសិទ្ធិ គឺជា​មូលបត្រ​ដែល​បាន​បោះផ្សាយ​ដោយ​ក្រុមហ៊ុនសាធារណៈ ដើម្បី​គៀងគរ​មូលនិធិ​ពីសាធារណៈជន។ វា​រួមបញ្ចូល​ទាំង​ភាគហ៊ុន​របស់​ក្រុមហ៊ុន ដែល​តំណាង​ឲ្យ​ភាព​ជា​ម្ចាស់​របស់​វិនិយោគិន ​នៅក្នុង​ក្រុមហ៊ុន​នោះ។ ភាព​ជាម្ចាស់​នៃ​ទ្រព្យកម្មសិទ្ធិ នឹង​ផ្តល់​សិទ្ធិ​ដល់​ភាគហ៊ុនិក​នូវ​ចំណែក​នៃ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​តាមរយៈ​ភាគលាភ។

ភាគហ៊ុនិក​គឺជា​ម្ចាស់​នៃ​អាជីវកម្ម ព្រមទាំង​ចូលរួម​ទទួលនូវ​ការ​ចែករំលែក​ភាព​ជោគជ័យ ឬ​បរាជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន។ លទ្ធផល​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុនចុះបញ្ជីជា​ធម្មតា ​អាច​វាយ​តម្លៃ​បាន តាមរយៈ​ភាគលាភ​ដែល​ភាគហ៊ុនិក ​បាន​ទទួល និង​តាមរយៈ​ថ្លៃភាគហ៊ុន​ ដែល​បាន​ដាក់​ថ្លៃ​នៅលើ​ទីផ្សារ។ មានមូលបត្រកម្មសិទ្ធិ​2ប្រភេទ ដែល​អាច​ដាក់​ជួញដូរនៅលើ​ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)។

ភាគហ៊ុនធម្មតាៈ គឺជា​ភាគហ៊ុន ​ដែលមាន​ការលើកទឹកចិត្ត ​ដោយ​ផ្ទាល់​ដល់​អ្នកកាន់កាប់​ភាគហ៊ុន ​តាមរយៈភាគលាភ ​ដែលទទួលបាន​ពីប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន ការចំណេញ​លើមូលធន និង​សិទ្ធិ​ក្នុងការ​ទិញភាគហ៊ុន​ថ្មី​ របស់​ក្រុមហ៊ុននៅពេល​ដែល​ក្រុមហ៊ុន​សម្រេច​ ក្នុងការ​បង្កើនដើមទុនចុះបញ្ជី​របស់ខ្លួន។

ភាគហ៊ុនបុរិមា
ភាគហ៊ុនបុរិមា​ ក៏ជា​ផ្នែកមួយ​នៃ​ទ្រព្យកម្មសិទ្ធិ​ផងដែរ។ ភាពខុសគ្នា​រវាង​ភាគហ៊ុនបុរិមា និង​ភាគហ៊ុនធម្មតា​គឺ អ្នកកាន់កាប់​ភាគហ៊ុនបុរិមា នឹង​មាន​សិទ្ធិ​ទទួលបាន​មូលនិធិ ឬ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​មុន​ភាគហ៊ុនធម្មតា។

ទី២ មូលបត្របំណុល
មូលបត្របំណុល ជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រួមមានសាជីវកម្ម​​​ សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ តាមរយៈកិច្ចសន្យានេះ បុគ្គលបោះ​ផ្សាយ​មូលបត្របំណុល មានកាតព្វកិច្ចបង់ឱ្យវិនិយោគិន នូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើម នៅពេលដែលសញ្ញាបណ្ណនោះ ដល់កាលកំណត់សងដែលហៅថា “ឥណប្រទិទាន”។

ជំនួសឱ្យការខ្ចីប្រាក់ពីធនាគារ ក្រុមហ៊ុន ឬអង្គភាពមួយអាចបោះផ្សាយសញ្ញាបណ្ណទៅឲ្យវិនិយោគិនដោយផ្ទាល់ នៅពេលដែលក្រុមហ៊ុននោះត្រូវការសាច់ប្រាក់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថ្មីៗ បន្តប្រតិបត្ដិការក្រុមហ៊ុន ឬដើម្បីទូទាត់បំណុល។

លក្ខណៈខុសគ្នាចម្បងមួយរវាងភាគហ៊ុន និងសញ្ញាបណ្ណ គឺថាសញ្ញាបណ្ណតំណាងឱ្យភាពជាម្ចាស់បំណុល រីឯភាគហ៊ុនតំណាងឱ្យភាពជាម្ចាស់កម្មសិទ្ធិ នៃក្រុមហ៊ុនមួយ។ ថ្លៃភាគហ៊ុនអាចកើនឡើងយ៉ាងឆាប់រហ័ស ប្រសិនបើក្រុមហ៊ុននោះមានការរីកចម្រើន និងមានប្រាក់ចំណេញច្រើន។

ផ្ទុយទៅវិញ សញ្ញាបណ្ណធ្វើការទូទាត់តែការប្រាក់ ដែលបានកំណត់ជាមុន ហើយថ្លៃរបស់វាប្រែប្រួល នៅក្នុងដែនដែលកំណត់ដោយអត្រាការប្រាក់ ពោលគឺមិនមែនកំណត់ដោយប្រាក់ចំណេញរបស់ក្រុមហ៊ុននោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here