ដោយៈគង់ សូរិយា
ភ្នំពេញៈ ទោះបីជាប្រឈមក្នុងបញ្ហាប្រឈមវីរុសកូវីដ-១៩យ៉ាងណាក៏ដោយ គិតរហូតមកទល់ពេលនេះ ដំណើរការសាងសង់ព្រលានយន្ដហោះអន្ដរជាតិតារាសាគរ ខេត្តកោះកុង សម្រេចបាន៩៣,៦ភាគរយហើយ ដែលគ្រោងដាក់ឲ្យដំណើរការផ្លូវការនៅពាក់ឆ្នាំ២០២២ខាងមុខ។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះថា ព្រលានយន្តហោះតារាសាគរ នឹងមានសមត្ថភាពទទួលចុះចត យន្តហោះរហូតដល់កូដអ៊ី (Code E) ចំនួន ១១ចំណត ឧទ្ធម្ភាគចក្រចំនួន៤ចំណត អាចទទួលអ្នកដំណើរបាន៧លាននាក់ និងទំនិញតាមផ្លូវអាកាសចំនួន១ម៉ឺនតោន ក្នុងមួយឆ្នាំ។
-->

លោកបន្តថា “ដំណើការសាងសង់សព្វថ្ងៃនេះ ក៏មាននូវបញ្ហាប្រឈមច្រើនដែរនៃការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការ នៃការសាងសង់អាកាសយានអន្តរជាតិ ដោយបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនស្រដៀងគ្នា”។
បញ្ហាប្រឈមទាំងនោះរួមមាន ដូចជា អ្នកបច្ចេកទេស និងអ្នកជំនាញការរបស់ក្រុមហ៊ុនចិន មានការលំបាកចេញ-ចូលពេលមកប្រទេសកម្ពុជា ដោយលក្ខខណ្ឌ និងការកំណត់ធ្វើចត្តាឡីស័ក ដែលមានការលំបាកក្នុងការផ្គត់ផ្គង់ឧបករណ៍-សម្ភារបរិក្ខា និងការចល័តគ្រឿងចក្រមួយចំនួនសម្រាប់បម្រើឱ្យការសាងសង់នេះ។
ព្រលានយន្ដហោះតារាសាគរ មានទីតាំងស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុនចិន ក្នុងទំហំទឹកប្រាក់ចំនួនប្រមាណ២០០លានដុល្លារ ដែលនឹងជួយគាំទ្រ ដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។ ព្រលានយន្ដហោះនេះ នឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិទី៤របស់កម្ពុជា នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេស៕