ដោយៈគង់ សូរិយា
ភ្នំពេញ
មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មកទល់ពេលនេះទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានរាជទូតកម្ពុជានៅសហរដ្ឋអាមេរិក កំពុងស្វែងរកជួបម្ចាស់ផលិតទំនិញដែលប្រើប្រាស់រូបអង្គរវត្ត ដោយបំពាន និងគ្មានការអនុញ្ញាតត្រឹមត្រូវ ខណៈដែលអ្នកនាំចូលចែកចាយសន្យាថា នឹងបញ្ឈប់ការលក់ទំនិញទាំងនោះ។
-->
លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៦ សីហាកន្លងមកថា ក្រោយទទួលបានព័តមាន ឃើញថាផលិតផលដែលមានឈ្មោះ Nam Vang Noodle ដែលមានរូបប្រាសាទអង្គវត្ត និងឈ្មោះរាជធានីភ្នំពេញ កំពុងចរាចរលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្រុមការងាររបស់ស្ថានទូតកម្ពុជានៅទីនោះ ក៏បានចុះត្រួតពិនិត្យភ្លាម និងរាយការណ៍ថា បានរកឃើញក្រុមហ៊ុនចំនួន២ នាំចូលនិងចែកចាយលក់ផលិតផលទាំងនេះ។

លោកបន្តថា ក្រុមហ៊ុនចំនួន១ បានសន្យាបញ្ឈប់ការនាំចូលមកលក់ ហើយនិងស្នើសុំលក់ឲ្យអស់ផលិតផល ដែលមាននៅលើទីផ្សារ។ តំណាងពាណិជ្ជកម្មនៅក្រៅប្រទេស បានជម្រាបជូនម្ចាស់ហាង ដែលចែកចាយលក់បន្តថា ប្រសិនបើមិនបញ្ឈប់ទេ នឹងមានវិធានការផ្លូវច្បាប់ តាមរយៈស្ថានទូត ហើយក្រុមហ៊ុនក៏យល់ព្រមនឹងបញ្ឈប់ ដោយស្នើមកវិញថា សុំលក់ទំនិញដែលសេសសល់ពីការនាំចូលនាពេលកន្លងមក។
លោកប៉ែន សុវិជាតិបានបន្តថា ពេលនេះតំណាងពាណិជ្ជកម្មកម្ពុជា នៅសហរដ្ឋអាមេរិក កំពុងទាក់ទងក្រុមហ៊ុនមួយទៀតដែលស្ថិតនៅញ៉ូវញក ពីព្រោះនៅទីនោះក៏មានលក់ទំនិញរបៀបនេះដែរ ហើយយើងព្យាយាមឲ្យអស់ពីសមត្ថភាព ធ្វើម៉េចការពារអត្តសញ្ញាណជាតិខ្មែរ កុំឲ្យមានការប្រើរូបអង្គរវត្ត ដែលគ្មានការអនុញ្ញាតទៅដាក់លើកញ្ចប់នំដែលមិនមែនជាផលិតផលខ្មែរ យើងក៏មិនចង់ឲ្យប្រើពាក្យគុយទាវភ្នំពេញដែរ ព្រោះថា Nam Vang Noodle លើសម្បកវេចខ្ចប់ ប្រែថាគុយទាវភ្នំពេញ ហើយម៉ាកគុយទាវភ្នំពេញ យើងក៏ប្រើប្រាស់ជាម៉ាក សមូលហភាពរួចហើយនៅកម្ពុជា ដោយយើងចង់រក្សាម៉ាកខ្មែរផងដែរ។
លោកបានលើកឡើងថា អ្នកជំនាញខាងកម្មសិទ្ធិបញ្ញា ក៏ប្រឹងប្រែងស្រាវជ្រាវរកប្រភព ដើម្បីសុំណែនាំដោយផ្ទាល់ ថាប្រភពណាជាអ្នកផលិត ដើម្បីធ្វើម៉េចណែនាំឲ្យក្រុមហ៊ុនបញ្ឈប់ ផលិតប្រើប្រាស់ស្រោមសម្បក ប្រើប្រាស់រំលោភបំពានអត្តសញ្ញាណជាតិ និងប្រើប្រាស់រូបសញ្ញាជាតិ ដែលមិនសមរម្យទៅលើទំនិញនានា ដោយសារគាត់ធ្វើឡើង ដោយគ្មានការអនុញ្ញាតពីយើងដែលជាម្ចាស់ប្រទេស ដូចដឹងហើយថា លើទង់ជាតិខ្មែរក៏មានរូបអង្គរវត្ត ហើយជារូបអត្តសញ្ញាណជាតិមួយរបស់យើង ដែលត្រូវការពារ ហើយក៏ត្រូវបានការពារទៅតាមផ្លូវច្បាប់ ក្រោមអនុសញ្ញាទីក្រុងប៉ារីស។

លោក ប៉ែន សុវិជាតិ បានបន្ថែមថា ចំពោះការងារខាងលើនេះ ក្រសួងពាណិជ្ជកម្មនឹងបន្តសហការ ជាមួយស្ថានរាជទូតកម្ពុជានៅបរទេស ដើម្បីពិនិត្យតាមដានបន្តទៅទៀត កុំឲ្យមានករណីបំពានរបៀបនេះកើតឡើងជាថ្មី។ ទន្ទឹមនេះ ក្រសួងស្នើសុំកិច្ចសហការផងដែរ ពីវិស័យឯកជននិងអ្នកប្រើប្រាស់ អោយជួយពិនិត្យតាមដាន និងផ្តល់ពត៌មានទាន់ពេលវេលាអំពីករណីរំលោភបំពានរបៀបនេះ ដើម្បីចូលរួមការពាររូបសញ្ញា ដែលជានិមិត្តរូបរបស់ជាតិ និងការរំលោភបំពានផ្សេងទៀត ទៅលើអត្តសញ្ញាណជាតិ និងកម្មសិទ្ធបញ្ញារបស់កម្ពុជាលើផលិតផលមី Nam Vang Noodle។
ពាក់ព័ន្ធការក្លែងបន្លំដូចគ្នាខាងលើនេះ កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌា បានចាត់វិធានការទៅលើក្រុមហ៊ុនអង្ករឥណ្ឌា ឈ្មោះ Voyage India ឱ្យបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្ត នៅលើសម្បកវេចខ្ចប់ អង្កររបស់ខ្លួន ដែលបានប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmin Rice ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរកម្ពុជា ដែលទង្វើនោះកម្ពុជាចាត់ទុកថា ប្រាសចាកនឹងច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម៕