ដោយៈវឌ្ឈនៈ
កោះកុងៈ គម្រោងអភិវឌ្ឍន៍ផ្លូវលំមួយខ្សែ ក្នុងខេត្តកោះកុងតភ្ជាប់ពីតំបន់ដាច់ស្រយាលទៅកាន់តំបន់ទីក្រុងនៃខេត្តកោះកុង បានធ្វើឱ្យតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវថ្មីហក់ឡើងខ្ពស់មិនគួរឱ្យជឿ ពោលគឺឡើងជាង១០ដង ធៀបនឹងមុនពេលចាប់ផ្ដើមសាងសង់ផ្លូវលំថ្មីមួយនេះ ។
គម្រោងផ្លូវលំដែលមានឈ្មោះថា “ផ្លូវលំជនបទភ្ជាប់និស្ស័យ សម័យកូវីដមរតកតេជោហ៊ុនសែន” មានប្រវែង៣៩គីឡូម៉ែត្រទទឹង៩ម៉ែត្រ ដែលជាផ្លូវតភ្ជាប់ពីស្រុកមណ្ឌលសីមា ទៅកាន់ស្រុកគីរីសាគរនិងភ្ជាប់ទៅកាន់ក្រុងខេមរៈភូមិន្ទ ។
-->

លោកទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹងថា មុនពេលដែលផ្លូវថ្មីនេះ ចាប់ផ្ដើមស្ថាបនា តម្លៃដីនៅតាមបណ្ដោយផ្លូវថ្មីនេះ ដាក់លក់ប្រហែល៥ពាន់ដុល្លារអាមេរិកក្នុងមួយហិចតា ប៉ុន្តែនៅពេលផ្លូវនេះ ចាប់ផ្ដើមសាងសង់បានរយៈប៉ុន្មានខែ តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវថ្មី ស្រាប់តែហក់ឡើងដល់៦ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េឬ៦ម៉ឺនដុល្លារអាមេរិកក្នុងមួយហិចតា ពោលគឺបានហក់ឡើងដល់ជាង១០ដង នៃតម្លៃមុនស្ថាបនាផ្លូវថ្មី ។
លោកបន្តថា “បើទោះបីជាតម្លៃដីនៅតាមបណ្ដោយផ្លូវនេះ បានហក់ឡើងបែបនេះ តែក៏មានអ្នកវិនិយោគជាច្រើន បានប្រមូលទិញដីនៅតាមបណ្ដោយផ្លូវថ្មីមួយ ដោយរំពឹងទុកពីផលចំណេញខ្ពស់នៅពេលខាងមុខ ខណៈខេត្តកោះកុងក៏ទទួលបានវិនិយោគិនបរទេសជាច្រើន ចូលបណ្ដាក់ជាបន្តបន្ទាប់ ជាពិសេសវិនិយោគិនជនជាតិចិន ដែលប្រមូលផ្ដុំនៅតំបន់មួយនៃខេត្តកោះកុងគឺតំបន់តារាសាគរ”។
លោកបន្ថែម តាមរយៈផ្លូវមួយនេះដែរ នៅថ្ងៃអនាគតភ្ញៀវជាតិ និងអន្តរជាតិដែលមកសម្រាកនៅកោះស្ដេច ក៏អាចចូលមកលេងនៅក្រុងខេមរភូមិន្ទបាន ដោយសារតែមានផ្លូវស្រូល ហើយអនាគតទៅផ្លូវនេះ ក៏អាចចាក់បេតុងឬកៅស៊ូដើម្បីកាន់តែងាយស្រួលក្នុងការដំណើរផងដែរ ពីព្រោះជាផ្លូវសំខាន់ក្នុងការតភ្ជាប់ពីតំបន់មួយទៅមួយ ។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីនោះ នឹងទទួលបានការវិនិយោគ ហើយនឹងជំរុញសក្ដានុពលតម្លៃដីធ្លី នៅតំបន់នោះបានមួយកម្រិតទៀតផងដែរ ។ ដើម្បីទាក់ទាញដល់ការវិនិយោគនានា រដ្ឋាភិបាលលោកបានខិតខំប្រឹងប្រែងសាងសង់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវកាន់តែច្រើន ដើម្បីសម្រួលការវិនិយោគផង និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងតំបន់ផងដែរ៕