តំបន់តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២កំពុងបង្ហាញសក្ដានុពលអភិវឌ្ឍន៍លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុងទី២ ដែលតភ្ជាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់តំបន់ទួលពង្រ កំពុងបង្ហាញពីសក្ដានុពល ក្នុងការទាក់ទាញការវិនិយោគលើលំនៅឋាន និងមជ្ឈមណ្ឌពាណិជ្ជកម្ម ពិសេសលំនៅឋានដែលមានតម្លៃមធ្យមឡើង។

ជាក់ស្ដែង ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ នៅក្នុងប្រទេសកម្ពុជាសាងសង់គម្រោងលំនៅឋានលើទំហំផ្ទៃដីជាង៧ហិចតា ដែលមានចំនួនជិត៣០០ផ្ទះនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២។

លោកជា ស៊ីមុយប្រធានផ្នែកលក់នៃបុរីភ្នំពេញថ្មី ក៏បានឱ្យដឹងផងដែរកាលពីចុង​សប្តាហ៍មុនថា កត្តាដែលក្រុមហ៊ុនចាប់ផ្ដើមអភិវឌ្ឍន៍លំនៅឋាន នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញនេះ ដោយមើលឃើញថាតំបន់នេះ កំពុងតែមានការចាប់អារម្មណ៍ និងសក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍលំនៅឋាន ជាក់ស្ដែងតំបន់នេះមានផ្លូវធំៗមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងមានមន្ទីរពេទ្យធំមួយគឺមន្ទីរពេទ្យហ្លួងម៉ែ ស្ថិតក្នុងតំបន់នេះផងដែរ ។

លោកបន្តថា “ក្រុមហ៊ុនបានសម្រេចវិនិយោគលំនៅឋាន នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២នេះ លើផ្ទៃដីជាង៧ហិចតា ដែលមានលំនៅឋានជិត៣០០ផ្ទះ មានតម្លៃចាប់ពី២១ម៉ឺនដុល្លារអាមេរិកឡើងទៅ ពីព្រោះហើយក៏រំពឹងថា នឹងទទួលបានការគាំទ្រពីអតិថិជន ដែលកំពុងស្វែងរកលំនៅឋានសម្រាប់អាជីវកម្មនិងស្នាក់នៅ”។

ជាមួយគ្នានេះលោកវ៉ា វីរៈអ្នកជំនាញនៃវិស័យអចលនទ្រព្យ និងជាគ្រូបង្វឹកជំនាញអចលនវត្ថុនៅកម្ពុជាមួយរូបបានឱ្យដឹងថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ប្រព័ន្ធទឹក ភ្លើង ទីនោះនឹងទទួលបានការវិនិយោគ ពីសំណាក់វិនិយោគិនជាក់ជាមិនខាន ជាក់ស្ដែងកន្លងមកនិងមកដល់បច្ចុប្បន្ននេះ តំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តែងតែទទួលបានការវិនិយោគលំនៅឋានជាបន្តបន្ទាប់ ។

ចំណែកលោកសន សៀបស្ថាបនិកនិងជានាយកក្រុមហ៊ុនឃី រៀលអ៊ីស្ទេត ក៏បានមានប្រសាសន៍ផងដែរថា តំបន់ក្នុងខណ្ឌដង្កោ ជាពិសេសនៅតាមបណ្ដោយផ្លូវក្រវ៉ាតក្រុង រត់កាត់ដូចជាក្រវ៉ា់តក្រុងទី២នេះ បានជំរុញឱ្យតម្លៃដីធ្លីកាន់តែមានសន្ទុះងើបឡើង និងទាក់ទាញនូវការវិនិយោគ ជាបន្តបន្ទាប់ទៅលើការអភិវឌ្ឍលំនៅឋាន ។

លោកបន្តថា “តំបន់នេះបានតភ្ជាប់ទៅកាន់តំបន់សំខាន់ៗជាច្រើនទៀត ដូចជាទៅផ្លូវជាតិលេខ២ លេខ៣ និងលេខ៥និងអាចតភ្ជាប់ ទៅកាន់តំបន់ផ្សេងៗបានងាយស្រួល” ។លោកបន្ថែមថា “ម្យ៉ាងទៀតតំបន់នេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹក ភ្លើងបានច្រើន ដែលជាកត្តាជំរុញឱ្យមានការវិនិយោគ ពីអ្នកអភិវឌ្ឍជាពិសេសលំនៅឋាន”។

រីឯលោកគាម សៀកឡុង នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCentury 21 Dream Property ក៏បានឱ្យដឹងថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែ អ្នកអភិវឌ្ឍន៍លំនៅឋាន នៅតែបន្តអភិវឌ្ឍគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ទៀត ហើយការអភិវឌ្ឍនេះដែរ ក៏មិនមែនសម្រាប់ផ្គត់ផ្គង់ក្នុងបរិបទនេះទាំងស្រុងទេ តែជាការត្រៀមសម្រាប់ផ្គត់ផ្គង់នៅពេលអនាគតពេលចប់វិបត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here